ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាពលរដ្ឋប្រមាណ២ម៉ឺន៥ពាន់នាក់ដែលជិះរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំឆ្នាំនេះ

វិទ្យុជាតិកម្ពុជា:​ ដោយ​ អ៊ួង​ វុធ​ និងលោក​ ចន​ ណារិទ្ធ:

រាជធានីភ្នំពេញ៖ រយៈពេល៦ថ្ងៃក្នុងឱកាសបុណ្យភ្ជុំប្រពៃណីជាតិខ្មែរកន្លងមកនេះ ប្រជាពលរដ្ឋប្រមាណជាង ២៥.០០០នាក់ ដែលបានជិះរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត ទាំងទៅទាំងមក ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១តុលា ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានគិតគូរ និងសម្រួលដល់ការចំណាយ ក្នុងការធ្វើដំណើររបស់មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កម្មករកម្មារិនី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចបានឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន២១៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនគិតថ្លៃ ។

លោកបន្តថា ក្នុងរយៈពេល៦ថ្ងៃ នៃពិធីភ្ជុំបិណ្ឌកន្លងមកនេះ មានប្រជាពលរដ្ឋ ប្រមាណ ២ម៉ឺន ៥ពាន់នាក់ បានទទួលសេវាជិះរថយន្តទៅស្រុកកំណើត និងត្រឡប់មកវិញ ដោយឥតគិតថ្លៃ ធ្វើឲ្យពួកគាត់សប្បាយចិត្ត ចំពោះថ្នាក់ដឹកនាំ ដែលតែងតែគិតគូរ ពីសុខទុក្ខ ប្រជាពលរដ្ឋ នៅពេលមានបុណ្យទានធំៗ ពិសេសពិធិបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌនេះ។

លោក ម៉េត មាសភក្តីបានបញ្ជាក់ថា សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះប្រជាពលរដ្ឋសប្បាយរីករាយ ដែលបានប្រើប្រាស់សេវាការដឹកជញ្ជូនដោយឥតគិតថ្លៃពីរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ ប្រសាសន៏ណែនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានរៀបចំរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនបងប្អូន ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៦រហូតដល់ថ្ងៃទី១១ ដោយមិនចាំបាច់ចំណាយថវិកាឡើយ ។

លោក បានបញ្ជាក់ថា រយៈពេល៦ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋាករស្វ័យតដឹកជញ្ជូនរថយន្តក្រុង បានដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ទៅកាន់ស្រុកកំណើត និងត្រឡប់មកវិញ ធ្វើឲ្យបងប្អូនមានការពេញចិត្ត ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការផ្តល់សេវាដឹកជញ្ជូនតាមរថយន្តក្រុងនេះ ។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១តុលានៃថ្ងៃចុងក្រោយនេះ រដ្ឋករស្វ័យតដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានប្រើរថយន្តសរុបចំនួន២១៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ទៅស្រុកកំណើត និងត្រឡប់មកវិញ ៕