ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរចំនួន ៧៩.៥៨៧នាក់ មកកម្សាន្តក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

AKP ព្រះសីហនុ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ — លោក វ៉េង ស៊ីសូវង្ស អនុប្រធានមន្ទីរទេស ចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ភ្ញៀវទេសចរមកលេងសម្រាកកម្សាន្តនៅខេត្តព្រះសីហនុមានចំនួនសរុប ៧៩.៥៨៧នាក់ ដោយក្នុងថ្ងៃទី០១ មានភ្ញៀវសរុបចំនួន ១៨.០០០នាក់, ថ្ងៃទី០២ មានចំនួន៣៥.០០០នាក់ និងថ្ងៃទី០៣ មានចំនួន ២៦.៥៨៧នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៧៣.១៧៧នាក់ និងភ្ញៀវអន្តរជាតិមាន ៦.៤១០នាក់។

លោកបានបន្តថា ភ្ញៀវមកលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួនសរុប៧.៩៣៩នាក់ ក្នុងនោះនៅរមណីយដ្ឋានក្បាលឆាយ មានចំនួន ៥.៣១៩នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន១៥០នាក់, រមណីយដ្ឋានថ្មរូង ស្រុកកំពង់សិលាមានភ្ញៀវចំនួន ១.២៤០នាក់ ក្នុងនោះភ្ញៀវបរទេស៤៨នាក់, រមណីយដ្ឋានពិកនិកស្រុកកំពង់សិលា មាន ភ្ញៀវចំនួន១.៣៨០នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន៣៩៤នាក់។ ភ្ញៀវទេសចរទៅទស្សនា តាមបណ្តាកោះនានារយៈពេលបីថ្ងៃមានចំនួន២.៦៩៥នាក់ ស្រី១.២០៥នាក់ ក្នុងនោះភ្ញៀវជាតិសរុប៦០៥នាក់ ស្រី២៨៦នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២.០៩០នាក់ ស្រី ៩២៤នាក់៕

ដោយ ងូ សុមុនី