ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍​មានចំនួន២៨នាក់

AKP ភ្នំពេញ​ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ — ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨​ ដល់ថ្ងៃទី១០​ ខែតុលា ឆ្នាំ២០១៨ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍​មានចំនួន២៨នាក់ គឺមានការកើនឡើងចំនួនពីរនាក់​បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍គ្រោះថ្នាក់ ចរាចរណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១០​ ខែតុលា ឆ្នាំ២០១៨។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន៥៣ លើក ស្លាប់ចំនួន២៨នាក់ រងរបួសចំនួន៨៥នាក់​ ក្នុងនោះ របួសធ្ងន់ចំនួន៦៥នាក់ និង របួសស្រាលចំនួន២០នាក់។ ជាមួយគ្នានេះ បញ្ហាដែលបង្កឱ្យគ្រោះថ្នាក់នេះ គឺបណ្ដាលមក ពីកត្កាល្បឿនចំនួន១៩លើក​ មិនគោរពសិទ្ធិចំនួន១០លើក​ មិនប្រកាន់ស្តាំចំនួន៩លើក ប្រជែង ចំនួន៦លើក និងការប្រើប្រាស់គ្រឿងស្រវឹងគឺមានតែ៤លើកប៉ុណ្ណោះ។

ក្នុងរបាយការណ៍បានបន្ដថា គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឱ្យខូចខាតយាន​យន្ត មួយចំនួន ក្នុងនោះម៉ូតូមានចំនួន៦៥គ្រឿង​ រថយន្តតូច​ និងរថយន្ដធំសរុបចំនួន៣១គ្រឿង​ផងដែរ។

ទន្ទឹមនេះ សម្រាប់រាជធានី ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ រួមមាន ខេត្តកណ្តាល​ចំនួន៦លើក កំពង់ស្ពឺ​ចំនួន៦លើក​ កំពង់ចាម​ចំនួន៥លើក​ ពោធិ៍សាត់​ចំនួន៣លើកនិងខេត្ដតាកែវចំនួន៣លើក។ចំណែកខេត្ដព្រៃវែងមានតែចំនួន១លើកប៉ុណ្ណោះ៕

ដោយ ចាន់ សុធីវង្ស