ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ.ស.ប បានព្រួយបារម្ភអំពីការបាត់ខ្លួនអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ — លោក ស្តេបហ្វាន ឌូហ្សារិច អ្នកនាំពាក្យអគ្គលេខាធិការ អ.ស.ប បាននិយាយថា កាលពីថ្ងៃពុធ អ.ស.ប បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីជោគវាសនា របស់លោក Jamal Khashoggi ដែលជាអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត​មួយរូប ដែលបានបាត់ខ្លួន​កាល​ពី​ថ្ងៃទី០២ ខែតុលាកន្លងទៅ​នៅក្នុងប្រទេសតួកគី។


លោកបានប្រាប់នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយដោយសង្ខេបថា ក្នុងឋានៈអ្វី​ដែល​​ជាមិត្ត​រួមការងារ​ខាងផ្នែកសិទ្ធិមនុស្សរបស់យើង​ គឺយើងបានអំពាវនាវដល់ពួកអាជ្ញាធរ​តួកគី និងអារ៉ាប៊ីសាអូឌីត​ឱ្យ សហការគ្នា​ក្នុងការធ្វើការស៊ើបអង្កេតមួយ​។ យើងទន្ទឹងរងចាំថា ​នឹង​មានព័ត៌មានបន្ថែមទៀតចំពោះករណីទាំងនេះ។

លោកបាននិយាយបន្ថែមទៀតថា អ.ស.ប នឹងតាមឃ្លាំមើលលើបញ្ហានេះយ៉ាង​ស្វិត​ស្វាញបំផុត។ លោក ឌូហ្សារិច បាននិយាយថា អគ្គលេខាធិការ អ.ស.ប លោក អេនតូនីញ៉ូ ហ្គូទ័ររ៉េស មិនបានធ្វើអន្តរាគមន៍ជាលក្ខណៈផ្ទាល់ខ្លួនឡើយ ដោយគូសបញ្ជាក់ថា អ.ស.ប មិនបានចូលរួម នៅក្នុងការស៊ើបអង្កេតនេះទេ។​ លោក Khashoggi បាននឹងកំពុងបាត់ខ្លួនបន្ទាប់ពីលោក ត្រូវ​បានគេដឹងថា ចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត​នៅក្នុងទីក្រុងអ៊ីស្តុមប៊ុល កាលពីសប្តាហ៍​​​កន្លងទៅ៕

( ប្រភព ស៊ីនហួ៖ បកប្រែដោយលោក មាស សំអុល )