ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាមេរិកសង្ឃឹមថា នឹងធ្វើកិច្ចចរចាកម្រិតការងារមួយជាមួយ កូរ៉េខាងជើងនាពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ — ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក​សង្ឃឹមថា ​នឹង​​ធ្វើកិច្ចចរចាកម្រិតការងារមួយ​ ជាមួយកូរ៉េខាងជើងនាពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើឱ្យដំណើរការចំពោះការធ្វើមិនឱ្យមាននុយក្លេអ៊ែរ​ និងកិច្ចប្រជុំកំពូលលើកទី២មួយ​រវាងប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន​។

លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ភាគីទាំងពីរកំពុងធ្វើការងារនេះ ដើម្បីរៀបចំ​កិច្ចប្រជុំកំពូលមួយ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលមួយដែល​ប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែ​វិច្ឆិកា​ខាងមុខនេះ​នៅក្នុងទីតាំងមួយក្នុងចំណោមបី ឬបួនទីតាំងនោះ។

អនុអ្នកនាំពាក្យក្រសួងការបេទេស លោក Robert Palladino បាននិយាយក្នុងអំឡុង​ពេល​សន្និសីទសារព័ត៌មានមួយដោយសង្ខេបថា នៅមិនទាន់មានសេចក្តីប្រកាសពីដំណើរ​ទស្សនកិច្ច​ណាមួយ នឹងត្រូវធ្វើឡើងនៅពេលនេះទេ ប៉ុន្តែវាជារឿងមួយដែលថា យើងនឹងរង​ចាំ​នូវ​ពេលវេលាដ៏សមស្របមួយនាពេលនេះ។

លោក ត្រាំ និងលោក គីម បានធ្វើកិច្ចប្រជុំកំពូលជាលើកដំបូងរបស់ពួកគេ នៅក្នុង​ប្រទេស​សិង្ហបុរី កាលពីខែមិថុនាកន្លងទៅ ដោយផ្តល់នូវលទ្ធផលនៃការប្តេជ្ញាចិត្តមួយពីកូរ៉េ​ខាងជើង​ក្នុងការធ្វើការងារឆ្ពោះទៅរក​ការបញ្ចប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរ នៅលើឧបទ្វីប​កូរ៉េ ក្នុងការប្តូរទៅនឹងការធានាខាងសន្តិសុខពីសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក ម៉ិក ពុំពីអូ បានធ្វើដំណើរទៅកាន់ទីក្រុង​ព្យុងយ៉ាងកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីជជែកដេញដោលគ្នាក្នុងការស្វែងរកព័ត៌មាន​លម្អិតនៃកិច្ចព្រមព្រៀង និងការរៀបចំកិច្ចប្រជុំកំពូលលើកទី២ រវាងមេដឹកនាំទាំងពីរ៕

( ប្រភព យន់ហាប់៖ បកប្រែដោយលោក មាស សំអុល )