ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បេសកកម្មរុករកនិងជួយសង្គ្រោះការរញ្ជួយដីនៅឥណ្ឌូណេស៊ី បញ្ចប់ចំនួនស្លាប់ឡើងដល់២.០៤៥នាក់

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ — ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានដាក់ចំនួនអ្នកស្លាប់ពីការរញ្ជួយដីដ៏ខ្លាំងច្រើនលើកនិង ស៊ូណាមី ដែលជាផលក្នុងខេត្តស៊ូឡាវេស៊ីភាគកណ្តាលថា មាន ២.០៤៥នាក់ កាលពីថ្ងៃពុធនេះ គឺមួយថ្ងៃមុនប្រតិបត្តិការរុករកបានបញ្ចប់។


អ្នកនំាពាក្យទីភ្នាក់ងារនេះ គឺលោក ស៊ី តូប៉ូពួរវ៉ូនូហ្គ្រោហូ បាននិយាយថា ភាគច្រើននៃសាកសពនេះត្រូវបានគេទាញយកចេញនៅក្នុងទីក្រុងប៉ាលូ ដែលជារដ្ឋធានីនៃខេត្តនេះ ដែលត្រូវបានវាយប្រហារខ្លាំងបំផុតដោយគ្រោះមហន្តរាយនេះ កាលពីចុងខែកន្លងទៅ ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា តំបន់ដែលវាយប្រហារខ្លាំងបំផុតគឺ ប៉ាលូ ដែលនៅទី នោះការខូចខាតបានកើតចេញមកពីការវាយប្រហារដោយស៊ូណាមី ។

លោកបាននិយាយបន្ថែមថា មនុស្ស២.៥៤៩នាក់ បានរងរបួសធ្ងន់ធ្ងរ និង៨.១៣០នាក់ទៀត រងរបួសបន្តិចបន្ទួច ។ អ្នកនាំពាក្យនោះបាននិយាយថា មនុស្សប្រហែល ៥.០០០ នាក់នៅតែបាត់ខ្លួននៅឡើយនៅក្នុង បរិវេណលំនៅដានពីរ ។

មនុស្សសរុបទាំងអស់៧៤.០៤៤នាក់ កំពុងជ្រកនៅមជ្ឈមណ្ឌលជម្លៀសចំនួន១១២ កន្លែងក្នុងខេត្ត នេះ និង៨.៧៣១នាក់នៅខាងក្រៅខេត្តនេះ ។
លោក ស៊ូតូប៉ូ បាននិយាយថា គ្រោះមហន្តរាយដែលមានមនុស្សស្លាប់ច្រើននេះ បានបំផ្លាញលំនៅដានសរុបទាំងអស់ ៦៧.៣១០ខ្នងនៅប៉ាលូ, ស្រុកដុងហ្គាឡា, ស៊ីហ្ស៊ី និងប៉ារីហ្ស៊ីមុនតុងដែលនៅជិតខាង។

តាមប្រធានទីភ្នាក់ងារគ្រោះមហន្តរាយ លោក Willem Rampangilei ឱ្យដឹងថា បេសកកម្មរុករក និងជួយសង្គ្រោះនឹងត្រូវគេបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ ជាថ្ងៃទី១៤បន្ទាប់ពីមហន្តរាយ ដោយសារគ្រោះថ្នាក់ដែលមានសក្តារុពលនៃជំងឺរាតត្បាតមួយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)