ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនជាគោលដៅទីផ្សារនាំចេញកំពូលរបស់ហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — អាជ្ញាធរស្ថិតិហ្វីលីពីន ( PSA ) បាននិយាយថា ប្រទេសចិនបច្ចុប្បន្នបានធ្វើជាគោលដៅទីផ្សារនាំចេញដ៏កំពូលមួយសម្រាប់ប្រទេសហ្វីលីពីនដែលមានតម្លៃជិត ៩៤០ លានដុល្លារ ឬ ១៥,៣ ភាគរយនៃការនាំចេញសរុបរបស់ប្រទេសនេះ ក្នុងខែសីហា ។

តាមទិន្នន័យពាណិជ្ជកម្ម ដែលផ្សាយកាលពីថ្ងៃពុធនេះ ដោយ PSA ឱ្យដឹងថា ប្រទេសចិនស្ថិតនៅក្នុងលំដាប់ទីមួយសម្រាប់ប្រទេសហ្វីលីពីនជាមួយការនាំចេញដែលមានតម្លៃ ៩៣៩,៩៨​លានដុល្លារ នៃការ នាំចេញសរុបសម្រាប់ខែសីហា ឆ្នាំ ២០១៨ ដែលកើនឡើង ៣៤,៤ភាគរយពីតម្លៃ ៦៩៩,៥ លានដុល្លារ ដែលបានផ្សាយក្នុងខែសីហា ឆ្នាំ ២០១៧ ។

នៅពេលជាមួយគ្នានោះដែរ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (​DTI ) ហ្វីលីពីនបាននិយាយពីថ្ងៃពុធថា ខ្លួននឹងចូលរួមនៅក្នុងពិព័រណ៌នាំចេញអន្តរជាតិចិន ( CIIE ​) លើកទីមួយក្នុងខែវិច្ឆិកា នៅសាងហៃ ប្រទេសចិន ។

ក្នុងឋានៈជាអ្នកនាំចេញយ៉ាងសំខាន់និងជាទីភ្នាក់ងារជំរុញការធ្វើវិនិយោគរបស់ប្រទេសហ្វីលីពីន នោះ DTI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ​ខ្លួនបានរៀបចំការចូលរួមរបស់ហ្វីលីពីន នៅក្នុងពិព័រណ៌នេះ ដើម្បីជ្រៀតចូលថែទៀតក្នុងទីផ្សារចិនដ៏ធំសម្បើម តាមរយៈការចូលរួមរបស់ប្រទេសនៅក្នុងការដាក់តាំងបង្ហាញពាណិជ្ជកម្ម ព្រមទាំងការជួយសម្រួលដល់ការភ្ជាប់ពាណិជ្ជកម្ម និងពាណិជ្ជកម្មរបស់ ខ្លួន ។

រដ្ឋមន្ត្រីពាណិជ្ជកម្ម និង ឧស្សាហកម្មហ្វីលីពីនលោក Ramon Lopez នឹងដឹកនាំការចូលរួម CIIE របស់ប្រទេសនៅឆ្នាំនេះ​ព្រមជាមួយ អនុរដ្ឋលេខាធិការក្រុមជំរុញពាណិជ្ជកម្ម និងការវិនិយោគ ( TIPG )​DTI លោក Nora Terrado ។

Lopez បាននិយាយថា ប្រទេសចិនគឺជាទីផ្សារដែលមានអាទិភាពមួយសម្រាប់ប្រទេសហ្វីលីពីន ហើយយើងចង់ជំរុញការនាំចេញនូវផលិតផល និងសេវាកម្ម របស់យើង ។ យើងក៏មានបំណងផងដែរក្នុងការទាក់ទាញការធ្វើវិនិយោគរបស់ចិន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )