ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាម និងអូស្រ្តាលីជួបពិភាក្សាជាយុទ្ធសាស្រ្ត ស្តីពីកិច្ចការបរទេស និងការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ — កាលពីថ្ងៃទី១០ ខែតុលា កិច្ចពិភាក្សាជាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្ត្រីលើកទី៦ ស្តីពីកិច្ចការបរទេស និងការពារជាតិ រវាងវៀតណាម និងអូស្ត្រាលី បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយបានរៀបចំផែនការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី។

គណៈប្រតិភូវៀតណាមដែលដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេស លោក Nguyen Quoc Dung និងភាគីអូស្ត្រាលីដឹកនាំដោយអនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងពាណិជ្ជកម្ម លោក Richard Maude និងអនុប្រធានស្តីទីនៃគោលនយោបាយយុទ្ធសាស្រ្ត និងចារកម្ម លោក Tom Hamilton ។ ព្រឹត្តិការណ៍នេះក៏ត្រូវបានចូលរួមផងដែរដោយឧត្តមសេនីយ៍ឯក Dang Quang Minh ប្រធានវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តនៃក្រសួងការពារជាតិវៀតណាម។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានកត់សម្គាល់ដោយក្តីរីករាយចំពោះកិច្ចអភិវឌ្ឍន៍ដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី បន្ទាប់ពីប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅកម្រិតនៃភាពជាដៃគូយុទ្ធ សាស្ត្រកាលពីខែមីនា ឆ្នាំ ២០១៨ ហើយបានរំលឹកឡើងវិញពីតួនាទី និងជំហរដ៏សំខាន់របស់ប្រទេសនីមួយៗនៅក្នុងគោលនយោបាយការបរទេសផ្សេងៗទៀត។

ប្រទេសវៀតណាម និងអូស្ត្រាលី បានបង្កើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់នៅឆ្នាំនេះ ដោយមានទស្សនកិច្ចចំនួន​ ៣ មកពីវៀតណាម និងចំនួន ៤ មកពីអូស្រ្តាលី ជាពិសេស គឺប្រទេសទាំងពីរបានប្រារព្ធពិធីរំលឹកខួបលើកទី ៤៥ នៃទំនាក់ទំនងការទូត។

ដោយយកចិត្តទុកដាក់លើលទ្ធផលនៃដំណើរទស្សនកិច្ចនេះ និងកម្មវិធីសកម្មភាពរួមគ្នាសម្រាប់ឆ្នាំ ២០១៦-២០១៩ ភាគីទាំងពីរបានពិភាក្សាគ្នា និងបានគូសបញ្ជាក់អំពីទិសដៅសំខាន់ៗដើម្បីធ្វើឱ្យភាពជាដៃគូយុទ្ធសាស្រ្តរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយនៅក្នុងពេលខាងមុខជាពិសេសក្នុងវិស័យ នយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវិទ្យាសាស្រ្ត -។

បច្ចេកវិទ្យានៅពេលជាមួយគ្នានោះ ប្រទេសទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាជាយុទ្ធសាស្រ្តក្នុងតំបន់ និងសកលលោក ដែលជាការព្រួយបារម្ភ ព្រមទាំងបានសង្កត់ធ្ងន់ទៅលើតម្រូវការជាអាទិភាពដល់គម្រោងរួមគ្នា ដែលទាក់ទងទៅនឹងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការអប់រំ ពលកម្ម វប្បធម៌ និងកីឡា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)