ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយករដ្ឋមន្រ្តីវៀតណាមអំពាវនាវឱ្យក្រុមហ៊ុនជប៉ុន ជួយគាំទ្រឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ — កាលពីថ្ងៃទី១០ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអំពាវនាវដល់ បណ្តាសហគ្រាសជប៉ុនឱ្យជួយគាំទ្រវៀតណាមក្នុងកិច្ចអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាមួយបណ្ដាក្រុមហ៊ុនអាជីវកម្មជប៉ុនធំៗដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យនេះ ដែលបានធ្វើឡើងនៅទីក្រុងតូក្យូ។

កិច្ចពិភាក្សាបានធ្វើឡើងជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ – ជប៉ុនលើកទី ១០ និងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ជប៉ុន។
នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីលើកកម្ពស់សមត្ថភាពក្នុងការទទួលយក និងចាប់យកឱកាសអភិវឌ្ឍន៍ពីបដិវត្តន៍ឧស្សាហកម្មទី ៤ ក៏ដូចជាបង្កើនការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងគ្រប់វិស័យទាំងអស់ដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងការប្រកួតប្រជែងនៅក្នុងខ្សែសង្វាក់ផលិតកម្ម។

នៅក្នុងដំណើរការនេះ វៀតណាមយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ដោយសង្ឃឹមថា ក្រុមហ៊ុនពាណិជ្ជកម្មរបស់ជប៉ុននឹងដើរតួនាទីជាមគ្គុទ្ទេសក៍សម្រាប់កិច្ចអភិវឌ្ឍន៍វិស័យទាំងនេះនៅវៀតណាម។

យោងតាមនាយករដ្ឋមន្ត្រីបានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមនឹងបន្តជំរុញខ្លាំងក្លានៃកំណែទម្រង់ កាត់បន្ថយនីតិវិធីរដ្ឋបាល និងបង្កើតលក្ខខណ្ឌល្អបំផុតសំរាប់ក្រុមហ៊ុនអាជីវកម្ម។

ចំពោះភាគីជប៉ុន ក្រុមហ៊ិមអាជីវកម្មជប៉ុនបាននិយាយថា បរិយាកាសធុរកិច្ចនៅវៀតណាមមានភាពល្អប្រសើរយ៉ាងខ្លាំង ហើយពួកគេសង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងផ្តល់លក្ខខណ្ឌល្អៗសំរាប់ពួកគេ ដើម្បីពង្រីកការវិនិយោគ និងធ្វើអាជីវកម្មយូរអង្វែងនៅក្នុងប្រទេសវៀតណាម។

ក្រុមហ៊ុនអាជីវកម្មមួយចំនួនបានបង្ហាញថា ពួកគេយកចិត្តទុកដាក់ពិសេសក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់នៅវៀតណាម ដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុននៅក្នុងប្រទេសជប៉ុន។ ពួកគេក៏មានបំណងពង្រីកការវិនិយោគនៅក្នុងវិស័យចែកចាយ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការកសាងទិន្នន័យសកលលោក និងមជ្ឈមណ្ឌលប្រតិបត្តិការកិច្ចអភិវឌ្ឍន៍វិស័យកសិកម្មដែលមានបច្ចេកវិទ្យាខ្ពស់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)