ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាល កំពុងរៀបចំផែនការស្ដារនិងជួសជុលផ្លូវលំប្រវែងជិត​១៥០០គីឡូម៉ែត្រ​ឡើងវិញបន្ទាប់ពីខូចខាតដោយទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេង គ្រី និង លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ មន្ត្រីគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថាក្រសួងពាក់ព័ន្ធ មួយចំនួន បានចាត់មន្ត្រីជំនាញឱ្យចុះពិនិត្យជាក់ស្ដែង ទៅលើការខូចខាតផ្លូវថ្នល់នានា ដែល បណ្ដាល មកពីទឹកជំនន់ទន្លេមេគង្គនិងជំនន់ដោយសារទឹកភ្លៀង ដើម្បីរៀបចំផែនការស្ដារនិងជួស ជុល ផ្លូវខូចខាតទាំងនោះឡើងិវញ។

លោក កែវ វី អ្នកនាំពាក្យគណកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ មានប្រសាសន៍ ថា៖ជំនន់ទន្លេមេគង្គនិងជំនន់ទឹកភ្លៀង ដែលអូសបន្លាយចាប់ តាំង ពីពាក់កណ្ដាលខែកក្កដា រហូតមកដល់ចុងខែសីហា បានធ្វើឱ្យខូចខាតផ្លូវលំនៅ តាមជនបទប្រវែង១៤៨៨គីឡូម៉ែត្រ នៅក្នុងខេត្តចំនួន១២ ។ ក្នុងចំណោមផ្លូវលំដែល ខូចខាតនេះ គឺខូចខាតដោយសារជំនន់ទឹកភ្លៀងមានតិចតួច ដូចជានៅភាគនិរតី មានខេត្តកំពង់ស្ពឺនិងខេត្តកំពតជាដើម ប៉ុន្តែភាគច្រើននៃផ្លូវលំដែលខូចខាត ដោយសារតែទឹកជំនន់ទន្លេមេគង្គ។ ទោះបីជាយ៉ាងណាគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមិនអាច បញ្ជាក់បានទេថាតើរដ្ឋាភិបាល ត្រូវចំណាយទឹកប្រាក់ប៉ុន្មានលានដុល្លារ សម្រាប់ជួសជុលផ្លូវដែលខូចខាតទាំងនោះឡើងវិញនៅឡើយ ដោយសារការវាយតម្លៃពិតប្រាកដគឺនៅលើក្រសួងជំនាញ។

លោកបន្តថា ទឹកជំនន់ដោយសារទឹកភ្លៀងនិងជំនន់ទន្លេមេគង្គ ដែលអូសបន្លាយចាប់តាំងពីពាក់កណ្ដាលខែកក្កដា រហូតដល់ចុងខែសីហា គឺបានធ្វើឱ្យខេត្តចំនួន២៣នៃរងការប៉ះពាល់។ ក្នុងនោះប៉ះពាល់ស្រូវ របស់ប្រជាកសិករចំនួន១៦០០០ហិកតារ ក្នុងនោះខូចខាតជិត៥៥០០០ហិកតារ។ ដំណាំរួមផ្សំនិងដំណាំចំការលិចទឹកចំនួនជាង១៦០០០ហិកតារ ខូចខាតជាង១១០០០ហិកតារ។ លិចសាលារៀនចំនួន៣៣៥កន្លែង លិចវត្ដអារាមចំនួន១៣៤កន្លែង និងលិចមណ្ឌលសុខភាពចំនួន២៣កន្លែង។ ទឹកជំនន់កន្លងមក ក៏បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួនជាង១៣៤០០០គ្រួសារ ក្នុងនោះទឹកជំនន់បានសម្លាប់ប្រជាពលរដ្ឋចំនួន៦១នាក់ និងប្រជាពលរដ្ឋចំនួន១២៣នាក់ផ្សេងទៀតបានរងរបួស និងរងគ្រោះតែសារសត្វពស់ចឹក៕