ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តបាត់ដំបង មានអគារមជ្ឈមណ្ឌលបង្ការជម្ងឺឆ្កែ ឆ្កួតជាលើកដំបូង

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី និងលោក ចន ណារិទ្ធ៖

ក្រសួងសុខាភិបាលបានបង្កើតអគារមជ្ឈមណ្ឌលបង្ការជម្ងឺឆ្កែ ឆ្កួត ជាលើកដំបូងនៅភូមិព្រែកមហាទេពសង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង ដើម្បីបង្កលក្ខណងាយស្រួលដល់ប្រជាពលរដ្ឋ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តពោធិសាត់ ដែលត្រូវឆ្កែឆ្កួតខាំ មកទទួលការចាក់វ៉ាក់សាំងបានទាន់ពេល មិនបាច់មករាជធានីភ្នំពេញ ដែលត្រូវចំណាយ ទាំងពេលវេលានិងថវិកា។

លោកជំទាវ ឱ វណ្ណឌីន,អគ្គនាយកបច្ចេកទេសសុខាភិបាលបានថ្លែងថា មជ្ឈមណ្ឌលបង្ការជម្ងឺឆ្កែ ឆ្កួត ខេត្តបាត់ដំបង ជាមជ្ឈមណ្ឌលទី៣បន្ទាប់ពីមជ្ឈមណ្ឌលបង្ការជម្ងឺឆ្កែ ឆ្កួត នៅរាជធានីភ្នំពេញមានចំនួន២។លោកជំទាវបន្តថា ការប្រយុទ្ធនឹងជម្ងឺឆ្កែឆ្កួត គឺជាកិច្ចការមួយសំខាន់ដែលក្រសួងសុខាភិបាកម្ពុជា ផ្តោតការយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយឲ្យនៅកម្រិតអប្បរមា នូវជម្ងឺដែលចម្លងតាមរយៈសត្វឆ្កែឆ្កួតដ៏គួរឲ្យខ្លាចនេះ ហើយបន្តសម្លាប់ជីវិតមនុស្សជាច្រើននាក់ក្នុង១ឆ្នាំៗ។ លោកជំទាវបានបញ្ជាក់ថា ថ្នាំបង្ការជម្ងឺឆ្កែឆ្កួតមានប្រសិទ្ធភាពខ្ពស់ណាស់ ប៉ុន្តែក្នុងករណីឆ្លងជម្ងឺឆ្កែឆ្កួត ហើយមានចេញជារោគសញ្ញានោះ គឺការវិវត្តន៏ទៅរកសេចក្តីស្លាប់ក៏ខ្ពស់ណាស់ដែរ ប្រសិនបើមិនបានទទួលថ្នាំបង្ការក្រោយសត្វខាំទេនោះ។លោកជំទាវបន្តថា អ្នករងគ្រោះដោយសត្វខាំ នៅក្នុងបណ្តាខេត្តនានាដូចជា ខេត្តបាត់ដំបង ប៉ៃលិនបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តពោធិសាត់ កន្លងមកតែងលំបាកក្នុងការស្វែងរកសេវាដល់រាជធានីភ្នំពេញមានចម្ងាយឆ្ងាយ ត្រូវប្រើប្រាស់ពេលធ្វើដំណើរយូរ ។ លោកជំទាវបន្ថែមថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមានឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលជាប្រធានក្រុមប្រឹក្សាទំនាក់ទំនង បានផ្តល់ថ្នាំបង្ការដល់អ្នករងគ្រោះដោយសត្វខាំប្រមាណជាង២២,០០០នាក់ក្នុង១ឆ្នាំ ក្នុងនោះភាគច្រើនជាកុមារ។

លោកបណ្ឌិត ឌីតឌីយ៉េ ហ្វុងតេនីល (Didier FONTENILLE )ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានលើកឡើងថា ជម្ងឺឆ្កែឆ្កួត ជាជម្ងឺ១គួរឲ្យខ្លាច ហើយ ១៣០ឆ្នាំ បន្ទាប់ពីរកឃើញថ្នាំបង្ការដែលមានប្រសិទ្ធភាព ជម្ងឺឆ្កែឆ្កួតនៅតែបន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិតសម្លាប់មនុស្សជាង៣០,០០០នាក់ក្នុង១ឆ្នាំៗ នៅទូទាំងពិភពលោក។លោកបណ្ឌិតបន្តថា នៅក្នុងប្រទេសកម្ពុជា មានសត្វឆ្កែប្រមាណ៤លានក្បាលដែលភាគច្រើន មិនបានចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួតទេ។មានករណីរងគ្រោះដោយសត្វឆ្កែខាំប្រមាណ៦០០,០០០ករណីក្នុង១ឆ្នាំ។ អ្នករងគ្រោះភាគច្រើន មិនបានដឹងថាត្រូវធ្វើអ្វីខ្លះ បន្ទាប់ពីរងរបួសដោយឆ្កែខាំ ព្រោះខ្វះព័ត៌មាន ខ្វះការផ្សព្វផ្សាយ ផ្តល់ចំណេះដឹងជាដើម។

លោកបណ្ឌិត ឌីតឌីយ៉េ ហ្វុងតេនីល លោកបណ្ឌិតបន្តថា ជម្ងឺឆ្កែឆ្កួតបើចេញរោគសញ្ញាហើយគឺវិវត្តន៏ទៅរកមរណភាព១០០% ប៉ុន្តែមានចំនួនអ្នកមកទទួលថ្នាំបង្ការជម្ងឺឆ្កែឆ្កួតតែ២២,០០០នាក់ប៉ុណ្ណោះក្នុង១ឆ្នាំ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៕