ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រមណីយដ្ឋានអង្គរ និងឧទ្យានណាយហ្គារ៉ា នៃប្រទេសកាណាដា ចុះអនុស្សរណៈចងសម្ព័ន្ធភាពជាមួយគ្នា

AKP សៀមរាប ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ — រមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា និងឧទ្យានណាយហ្គារ៉ា នៃប្រទេសកាណាដា បានសម្រេចចុះអនុស្សរណៈចងសម្ព័ន្ធភាពជាមួយគ្នា ដើម្បីពង្រឹងទំនាក់ទំនងរវាង ស្ថាប័នទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានធ្វើឡើងកាលពីថ្ងៃ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងសៀមរាប។ ក្នុងពិធីចុះអនុស្សរណៈនេះ ភាគីកម្ពុជាតំណាងដោយឯកឧត្តម សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា និងភាគីកាណាដា តំណាងដោយលោកស្រី Janice Thomson ប្រធានគណៈកម្មាធិការឧទ្យានណាយហ្គារ៉ា។


ការចងសម្ព័ន្ធភាពនិងគ្នានេះដែរ ក៏បានធ្វើឡើងស្របគ្នានឹងពិធីប្រកាសសម្ពោធស្ថាន កុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូនៃប្រទេសកាណាដា ដោយ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឆាត ឈួ កុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រ កម្ពុជា និងអគ្គកុងស៊ុលនៃបណ្តាប្រទេស១៥ផ្សេងទៀត ដូចជាប្រទេសចិន អាហ្រ្វ៊ិកខាងត្បូង រុស្ស៊ី ហ្គាណា ប៉េរូ កូរ៉េខាងត្បូង អារ៉ាប់រួម និងព្រុយណេជាដើម ព្រមទាំងប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រទេសកាណាដាផងដែរ។ ការចុះអនុស្សារណៈនេះ ក្នុងន័យរឹតចំណង មិត្តភាពជាបងប្អូននៃរមណីយដ្ឋានពិភពលោកទាំងពីរគឺ រមណីយដ្ឋានអង្គរ និងឧទ្យានណាយ ហ្គារ៉ា ដើម្បីស្វែងរកកិច្ចសហការរួមគ្នា លើការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ ទេសចរណ៍ នៃរមណីយដ្ឋានទាំងពីរ។


លោកស្រី Janice Thomson បានបង្ហាញនូវសេចក្តីរីករាយដែលរមណីយដ្ឋាន ពិភពលោកទាំងពីរ បានភ្ជាប់សាច់ឈាមជាបងប្អូននឹងគ្នា។ លោកស្រីជឿជាក់ថា តាមរយៈ ចំណងមិត្តភាពនេះ រមណីយដ្ឋានទាំងពីរនឹងអាចផ្លាស់ប្តូរបទពិសោធន៍ការងារគ្នាល្អៗ ពាក់ ព័ន្ធនឹងការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ រវាងរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌ វប្បធម៌ និងឧទ្យានណាយហ្គារ៉ា ដែលជាបេតិកភណ្ឌធម្មជាតិ។

ឯកឧត្តម សុខ សង្វារ បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មារធិការ នៃឧទ្យានណាយហ្គារ៉ា នៃប្រទេសកាណាដា ព្រមទាំងតំណាងស្ថានកុលស៊ុលទាំងអស់ ដែលបានអញ្ជើញចូលរួមជាសាក្សីដ៏សំខាន់នៃពិធីចុះអនុស្សារណៈនេះ។ ឯកឧត្តមសង្ឃឹមថា ចំណងមិត្តភាពនេះនឹងជំរុញឱ្យមានភ្ញៀវទេសចរកាន់តែច្រើនក្នុងប្រទេសទាំងពីរ តាមរយៈ កិច្ចសហការ ការជំរុញផ្សព្វផ្សាយនូវរមណីយដ្ឋានទាំងពីរ ជាពិសេសគឺការចែករំលែកបទ ពិសោធន៍គ្រប់គ្រងវិស័យទេសចរណ៍រវាងមន្ត្រីនៃរមណីយដ្ឋានអង្គរ និងឧទ្យានណាយ ហ្គារ៉ា៕

ដោយ ហង្ស សៀក