ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វិនិយោគិនអឺរ៉ុបបង្ហាញផែនការចង់បោះទុនវិនិយោគបន្ថែមនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយលោកហុក សុខរិន

ភ្នំពេញ៖  វិនិយោគិនអឺរ៉ុបនៅតែចាប់អារម្មណ៍សំឡឹងលើការបោះទុនវិនិយោគជាច្រើនវិស័យនៅកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចំរើន។

លោកTassilo Brinzer តំណាងសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុនធំៗរបស់អឺរ៉ុបជាច្រើនមានផែនការបោះទុននិយោគនៅកម្ពុជានៅឆ្នាំ២០១៩ខាងមុខនេះលើវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្ម។

ថ្លែងក្នុងកិច្ចពិភាក្សាស្តីពីធុរៈកិច្ចនិងប្រទេសកម្ពុជានៅព្រឹកថ្ងៃទី៤ ខែតុលានេះលោកTassilo Brinzerបានឲ្យដឹងថាការចាប់អារម្មណ៍មកបោះទុនវិនិយោគនៅកម្ពុជានេះដោយសារតែកម្ពុជាមានភាពទាក់ទាញនៅចន្លោះប្រទេសវៀតណាម ឡាវ និងប្រទេសថៃ ហើយមានសេដ្ឋកិច្ចរឹងមាំ មានការបើកចំហការវិនិយោគមកពីខាងក្រៅ និងមានគោលនយោបាយគាំពារ វិនិយោគិន។

 លោកបានអៈអាងថា គ្រាន់តែនៅក្នុងឆ្នាំ២០១៨នេះ កំណើនក្រុមហ៊ុនមកពីសហភាពអឺរ៉ុបដែល​​បានបោះទុននិយោគនៅកម្ពុជាមានកំណើនកើនឡើង៣ដងដែលធ្វើឲ្យមាន កម្ពុជាមានវត្តមាន​ក្រុមហ៊ុនមកពីសហភាពអឺរ៉ុបរហូតដល់ជាង៥០០ក្រុមហ៊ុន។

 

ឯកឧត្តម  George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានបញ្ជាក់ថា     សា្ថនទូតសហភាព​អឺរ៉ុបប្រចាំកម្ពុជា នឹងបង្កើនការជួយសម្របសម្រួលរួមទំាងការបង្ករលក្ខណៈ​​ងាយស្រួលគ្រប់បែបយ៉ាង​ដើម្បីផ្តល់ឱកាស​ដល់វិនិយោគិនអឺរ៉ុបមកបោះទុនវិនិយោគនៅកម្ពុជា។

ឯកឧត្តម  បានបញ្ជាក់ថា អឺរ៉ុបមិនត្រឹមតែជាគោលដៅជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាតាមរយៈ​​ការបោះទុន​វិនិយោគនៅ​កម្ពុជាប៉ុណ្ណោះទេ គឺបានផ្តល់គោលនយោបាយប្រព័ន្ធអនុគ្រោះពន្ធគយ ដល់កម្ពុជាថែមទៀតផង ដែលធ្វើអោយផលិតផលរបស់កម្ពុជាបាននាំចេញទៅលក់នៅទីផ្សារ អឺរ៉ុប បង្កើនសេដ្ឋកិច្ចនិង​ឱកាសការងារ​ដ៏ប្រជាពលរដ្ឋ ។

 សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅនេះកម្ពុជាបាននាំចេញទៅសភាពអឺរ៉ុបមានចំនួនជាង៥ពាន់លានអឺរ៉ូ ខណៈដែលសហភាពអឺរ៉ុបនាំចូលមកកម្ពុជាវិញមានចំនួនត្រឹមតែ៨៥០លានអឺរ៉ូប៉ុណ្ណោះ។ ទំនិញដែលនាំចេញពី​​កម្ពុជាទៅអឺរ៉ុបភាគច្រើនមាន  សម្លៀកបំពាក់ អង្ករ កង់ និងផលិតផលមួយចំនួនទៀត៕