ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងការងារណែនាំដល់យុវជនកម្ពុជាអោយរៀនសូត្រ និងដក់ស្រង់បទពិសោធន៍​​ល្អៗពីប្រទេស​ផ្សេង​មកអភិវឌ្ឍន៍ជាតិ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកជួន  បូណា

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ  បានជំរុញឲ្យប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលគ្រោងនឹងចេញទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ី អគ្នេយ៍ និងប្រទេសជប៉ុនលើកទី៤៥ នាពេលខាងមុខនេះត្រូវខិតខំសិក្សារៀនសូត្រពីស្ថានភាព និងអំពីភាព រីកចម្រើនរបស់ប្រទេសគេដើម្បីយកមកកែឆ្នៃចូលរួមអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចំរើន។

 

ក្នុងឱកាសអនុញ្ញាតិឲ្យគណប្រតិភូយុវជនអាស៊ីអគ្នេយ៍កម្ពុជាចំនួន ២៩រូបចូលជួបសម្តែងការគួសម និងផ្តល់អនុសាសន៍ នាព្រឹកថ្ងៃទី០៤ ខែតុលានេះ នៅទីស្ដីការក្រសួងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា យុវជនទាំងអស់ត្រូវធ្វើជាមគ្គុទេសដ៏ល្អម្នាក់ ជាអ្នកការទូតម្នាក់ តំណាងឲ្យកម្ពុជា ដោយរក្សាឲ្យបាននូវកិត្តិយស តម្លៃ និងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទាំងរក្សានូវទំនាក់ទំនងល្អ ជាមួយយុវជនបណ្តាប្រទេសដ៏ទៃទៀត។

 

លោក ហោ សំណាង ប្រធានស្ដីទីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានប្តេជ្ញាខិតខំរៀនសូត្រ និងរឹតចំណងមិត្តភាព ចែករំលែកវប្បធម៌ ទៅកាន់បណ្តាថ្នាក់ដឹកនាំ និងយុវជនអាស៊ាន និងជប៉ុនឲ្យបានស្គាល់កម្ពុជាកាន់តែច្បាស់។ ជាប្រយោជន៍ទាក់ទាក់ទាញវិស័យទេសចរណ៍ សេដ្ឋកិច្ចជាដើម។

 

លោកបន្តថា កម្មវិធីនាវាយុវជនអាស៊ីអគ្នេយ៍ និងជប៉ុន លើកទី៤៥ ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ លោកថា យុវជនកម្ពុជាចំនួន ២៩រូបនឹងចូលរួមជាមួយប្រតិភូយុវ ជនអាស៊ាន និងជប៉ុន សរុបគ្នាទាំងអស់ចំនួន ៣៣០រូប នៅលើនាវា NIPPON MARU ធ្វើ ដំណើរចេញពីប្រទេសជប៉ុនទៅកាន់ប្រទេសមួយចំនួនក្នុងអាស៊ានរួមមាន ប៊្រុយណេ ថៃ ហ្វីលីពីន និងវៀតណាមជាដើម

សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បង្កើតឡើងដោយប្រទេសជប៉ុន គឺនៅឆ្នាំ១៩៧៤។ ចំណែក សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជា ចំនួន៥៦០នាក់ ហើយបានចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ី អាគ្នេយ៍-ជប៉ុននេះ៕