ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សាលារាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា៖ ដោ​យកញ្ញា ទុយ សូលីដា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមទុកដាក់​​សំរាមឲ្យ​បានត្រឹមត្រូវ នៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដើម្បីរក្សាសោភ័ណ្ឌភាពនិងបរិយាកាសល្អ គ្មានសំរាមគរ​នៅតាមផ្លូវនៅក្នុងរាជធានីភ្នំពេញទាំងមូល។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា  ប្រជាពលរដ្ឋត្រូវទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ដាក់នៅក្នុងធុងសំរាម ឬទុកដាក់នៅក្នុងផ្ទះមួយរយៈសិន ហើយក្រុមអាជីវករលក់ដូរនៅតាមទីសាធារណៈត្រូវមានធុងសំរាមឬថង់ដាក់សំរាម ដោយខ្លួនឯង ដើម្បីជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ។

 លោកបន្តថា ការទុកដាក់សម្រាមត្រឹមត្រូវ នឹងលើកកម្ពស់ សោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានសាធារណៈក្នុងរាជធានីភ្នំពេញ។

 ក្រុមហ៊ុនស៊ិនទ្រីនឹងផ្អាកប្រតិបត្តិប្រមូល និងការដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញចំនួន៦ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ ខែតុលា ដោយសារតែកម្លាំងកម្មករត្រូវឈប់សម្រាកទៅលេងស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌ។

 យោងតាមរបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ បានប៉ាន់ប្រមាណថា ក្នុងមួយថ្ងៃៗក្នុងរាជធានី​​ភ្នំពេញ​មានសំរាមកើនឡើងជាង៣ពាន់តោន ដែលត្រូវដឹកទៅកាន់ទីលានចាក់សំរាមនៅខណ្ឌដង្កោ រាជធានីភ្នំពេញ៕