ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ តម្លៃ ៤២០០រៀលក្នុង១លីត្រ

វិទ្យុជាតិកម្ពុជា៖  អត្ថបទលោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១ ដល់ ទី១៥ ខែតុលា ឆ្នាំ២០១៨ ដោយសាំងធម្មតាតម្លៃ ៤២០០រៀលក្នុង១លីត្រ និងម៉ាស៊ូត៤០០០រៀលក្នុង១លីត្រ។

 ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជានេះ ដោយសារ ដោយសារតម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិ មានការកើតឡើង តាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខ រវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ។

 ក្នុងសេចក្តីប្រកាសរបស់ក្រសួងក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ចាប់ពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨ ប្រេងសាំងមួយបារ៉ែល ចំណុះ១៥៦លីត្រ មិនទាន់បូកបញ្ចូលពន្ធ បានឡើងថ្លៃពី៨៦.៩៨ដុល្លារដល់៨៩.៥២ដុល្លារ ហើយប្រេងម៉ាស៊ូតចំណុះដូចគ្នា មិនទាន់បូកបញ្ចូលពន្ធបានឡើងថ្លៃពី៩២.១៧ដុល្លារ ដល់៩៦.៦៨ដុល្លារ។

 តម្លៃប្រេងសាំងមិនទាន់គិតពន្ធ គឺថោកជាងប្រេងម៉ាស៊ូត។ ក្នុងការគណនាតម្លៃ គឺពន្ធលើប្រេងសាំង ត្រូវបានគិតខ្ពស់ជាងប្រេងម៉ាស៊ូត ទើបធ្វើឱ្យប្រេងសាំងលក់រាយ ថ្លៃជាងប្រេងម៉ាស៊ូត។

ក្រសួងបញ្ជាក់ថា តម្លៃប្រេងឥន្ធនៈនេះបានបញ្ចុះតម្លៃចំនួន ១៦០រៀល ក្នុង១លីត្រ ដោយសាររាជរដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មតាមរយៈការកំណត់ថ្លៃ ឲ្យបណ្ដាស្ថានីយនានាទូទាំងប្រទេស ក្នុងការលក់ចេញ ដោយចូលរួមពីក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងរ៉ែនិងថាមពល។

នេះជាដំណោះស្រាយមួយ ដើម្បីកុំឲ្យអ្នកផ្គត់ផ្គង់យកលេសថាសាំងអន្តរជាតិថ្លៃ ហើយកំណត់តម្លៃតាមតែចិត្តខ្លួនឯង។ គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានឧបត្ថម្ភធនជិត ៨៣លានដុល្លារ ក្នុង១ឆ្នាំៗដើម្បីទប់កុំឲ្យថ្លៃសាំងឡើងថ្លៃនេះ ដោយភាគីរដ្ឋជួយចេញ ចំនួន១៦០រៀល និងពីភាគីស្ថានីយប្រេងនានាចេញចំនួន ១៦០រៀល ផងដែរ៕