ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កាកបាទក្រហមកម្ពុជារៀបចំពិធីជួបសំណេះសំណាល ជាមួយព្រឹទ្ធាចារ្យជានិវត្តជន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — ដើម្បីចូលរួមអបអរសាទរទិវាមនុស្ស ចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ “សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ក្នុងការថែរក្សា វប្បធម៌គ្រួសារ និងសង្គមជាតិ” កាកបាទក្រហមកម្ពុជា បានរៀបចំឱ្យមានពិធីជួបជុំ និង សំណេះសំណាលជាមួយព្រឹទ្ធាចារ្យជានិវត្តជនចំនួន៥៨នាក់ កាលពីថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅភោជនីយ ដ្ឋានឡឺប្រេស៊ីដង់ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។


ប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីការអានជូននូវសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាមនុស្ស ចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០១៨ ដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១រួចមក លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងពីការគិតគូរចំពោះគុណបំណាច់របស់ និវត្តជន ទាំងអស់ ដែលមានអនុស្សាវរីយ៍ដ៏សែនកំសត់ធ្លាប់បម្រើការងារមនុស្សធម៌យ៉ាងសកម្ម និងការពុះពារ គ្រប់ឧបសគ្គតាមដងផ្លូវដ៏លំបាក ជាមួយកាកបាទក្រហមកម្ពុជា ក្នុងប្រតិបត្តិការមនុស្សធម៌ ធំៗកន្លងមក ដើម្បីនាំយកអំណោយទៅជូនដល់ដៃជនរងគ្រោះ។នៅក្នុងឱកាសនោះ តំណាងនិវត្តជនបានថ្លែងថា ទោះបីពួកគាត់បានចូលនិវត្តហើយក្តី តែពួកគាត់មានមោទនភាព ចំពោះវឌ្ឍនភាព និងសមិទ្ធផលធំធេងរបស់កាកបាទក្រហម កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើឱ្យកាកបាទក្រហមកម្ពុជា មានការទទួលស្គាល់ទាំងថ្នាក់ជាតិ និងនៅលើឆាក អន្តរជាតិ។ ដើម្បីជាចំណងដៃក្នុងឱកាសជួបជុំសំណេះសំណាលនាពេលនោះ និវត្តជន ទាំង៥៨នាក់ ក៏បានទទួលអំណោយមនុស្សធម៌ ក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល មុងសុវត្ថិភាពមួយ និងការពិសាអាហារសាមគ្គីមួយពេលផងដែរ។សូមបញ្ជាក់ថា ការប្រារព្ធទិវានេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា និងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលបានឆ្លុះបញ្ចាំង ឱ្យឃើញថា មនុស្សវ័យចាស់បានបន្សល់ទុកស្នាដៃគុណូបការៈ និងការអប់រំប្រៀនប្រដៅ ប្រកបដោយគតិបណ្ឌិត ហើយបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើងមានប្រពៃណី ទំនៀម ទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ដែលសម្បូណ៌បែប និងសមិទ្ធផលទាំងឡាយត្រូវបាន រក្សាគង់វង្សរហូតដល់សព្វថ្ងៃនេះ៕

ដោយសាយ សុន (រូបថត៖កាកបាទក្រហមកម្ពុជា)