ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មានការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅអាហ្វហ្គានីស្ថាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៣.១០.១៨)

អាហ្វហ្គានីស្ថាន៖ មន្រ្តីអាហ្វហ្គានីស្ថានម្នាក់បានរាយការណ៍កាលពីថ្ងៃអង្គារថាមានការបំផ្ទុះគ្រាប់បែកអត្តឃាត​នៅឯការប្រមូលផ្តុំគ្នាចូលរូមឃោសនាបោះឆ្នោតនៅខេត្តណង់ហ្កាហា ស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានី​
ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់និងធ្វើឲ្យរបួស​ជាង ៣០ នាក់
ហើយចំនួនអ្នកស្លាប់អាចទំនងជានឹងកើនឡើងថែមទៀត។

យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតសភានៅថ្ងៃទី ២០ ខែតុលាបានចាប់ផ្តើមកាលពីថ្ងៃសុក្រ
ហើយកងសន្តិសុខបានព្រមានអំពីគ្រោះថ្នាក់នៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធក្នុងអំឡុងពេលធ្វើយុទ្ធនាការនេះ។

ការបោះឆ្នោតសភាត្រូវបានពន្យារពេលរយៈពេល 3ឆ្នាំដោយសារការកើនឡើងនូវអំពើហិង្សានៅទូទាំងប្រទេស។ក្រុមអាយស៊ីសបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍ដោយទីភ្នាក់ងារព័ត៌មានអាម៉ាក់ (Amaq) របស់ខ្លួន។ក្រុមអាយស៊ីសក៏បានអះអាងពីការវាយប្រហារជាបន្តបន្ទាប់នៅឆ្នាំនេះដែលបាន​សម្លាប់មនុស្សរាប់សិបនាក់នៅជាប់ព្រំដែនជាមួយប្រទេសប៉ាគីស្ថានផងដែរ។