ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា និ​ង​​​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំ​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល អញ្ជើ​ញ​​ចូលរួម​កាន់បិណ្ឌ​ទី​៩ នៅ​វត្ដ​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ដែល​ស្ថិតនៅក្នុង​ខណ្ឌ​ច្បារ​អំ​ពៅ រាជធានី​ភ្នំពេញ​ នាព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​តុលា ឆ្នាំ២០១៨។នៅក្នុងពិធីកាន់បិណ្ឌនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បា​ន​អញ្ជើ​ញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់​បិ​ណ្ឌ​បាត្រ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ និងសម្រាប់ទុកកសាងសមិទ្ធផលផ្សេងៗ​ក្នុង​ទី​អា​រាម ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូន ជីតា បុព្វការីជន ដែលបានចែកឋាន​ទៅ​តាម​ប្រ​ពៃ​ណីសាសនា។ បន្ទាប់ពីប្រគេនចង្ហាន់ និងបច្ច័យរួចហើយ សម្ដេចតេជោនាយករដ្ឋមន្ត្រី និង​សម្តេច​កិត្ដិព្រឹទ្ធបណ្ឌិត បានប្រលែងសត្វចាប និងបានសុំបួងសួងឱ្យកម្ពុជាទាំងមូលជួបតែ​សុ​ខ​សន្តិភាពសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍។
គួរបញ្ជាក់ដែរថា បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយដ៏ធំៗក្នុងចំណោមពិធីបុណ្យ​ផ្សេ​ង​ៗ​នៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើងមិនដែលអាក់ខានឡើយរៀងរាល់ឆ្នាំ ចា​ប់​ពីថ្ងៃ១រោច រហូតដល់ថៃ្ងទី១៥រោច ខែភទ្របទ ដែលមានរយៈពេល១៥ថៃ្ង ដោយ​ហៅ​ថា​បុ​ណ្យ​​កាន់បិណ្ឌ១, បិណ្ឌ២ រហូតដល់បិណ្ឌទី១៤ និងថ្ងៃ១៥រោចគឺជាថៃ្ងបុណ្យ«ភ្ជុំបិណ្ឌ»។ បុ​ណ្យភ្ជុំបិណ្ឌត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺ​ចាប់​​ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី២៥ខែកញ្ញា រហូតដល់ថ្ងៃទី០៨ ខែតុលា និងថ្ងៃទី០៩ តុលា គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌ រីឯថ្ងៃ១០ ខែតុលា ឆ្នាំ២០១៨ គឺជាថ្ងៃឆ្លងនៃបុណ្យភ្ជុំបិណ្ឌ៕

ដោយ ជឹម ណារី