ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយបេសកកម្មកម្ពុជា៖ គណៈកម្មការអាស៊ីប៉ារ៉ាហ្គេមកំពុងវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ កម្រិតពិការ មុនដំណើរការប្រកួតនៅប្រទេសឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុក​នាយបេសកកម្មកម្ពុជាសម្រាប់ព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេមនៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១៨ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃពុធទី០៣ ខែតុលា ឆ្នាំ២០១៨នេះថា គណៈកម្មការបច្ចេកទេសអាស៊ី ប៉ារ៉ាហ្គេមកំពុងវាយតម្លៃ និងចាត់ចំណាត់ថ្នាក់លើកម្រិតពិការរបស់អត្តពលិកដែលចូលរួម នានា លើប្រភេទកីឡាវាយកូនឃ្លីលើតុ និងកីឡាបាល់បោះ ជិះរទេះនារី មុនដំណើរការ ប្រកួតជាផ្លូវការ។

ឯកឧត្តមបន្ថែមថា ក្រោយពីដំណើរទៅដល់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី០១ ខែ តុលានេះ ការប្រកួតមិនទាន់ដំណើរការនៅឡើយទេ ប៉ុន្តែគណៈកម្មការជំនាញរៀបចំការ ប្រកួតកំពុងវាយតម្លៃកម្រិតពិការភាព ឬចាត់ចំណាត់ថ្នាក់ពិការភាពឱ្យបានច្បាស់លាស់ជា មុនសិន មុនដំណើរការប្រកួត។ ឯកឧត្ដមបានអះអាងថា ប៉ុន្មានថ្ងៃដំបូងនេះ គឺក្រុមកីឡាករ កីឡាការិនីពិការកម្ពុជាបានហ្វឹកហាត់កម្តៅសាច់ដុំលើប្រភេទកីឡានានា ដើម្បីរក្សាបាននូវ​ថាមពលកម្លាំង និងកម្រិតបច្ចេកទេសឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមប្រជែងមេដាយពីព្រឹត្តិ ការណ៍កីឡាជនពិការ ក្នុងទ្វីបអាស៊ី រៀងរាល់៤ឆ្នាំម្តងនេះ។

គួរបញ្ជាក់ថា កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០១៨ ដែលរៀបចំធ្វើនៅប្រទេស ឥណ្ឌូណេស៊ី​នេះ គឺគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជាបានបញ្ជូន៦ប្រភេទកីឡាទៅ ចូលរួមប្រកួត ដូចជាអត្តពលកម្ម ហែលទឹក បាល់បោះ ជិះរទេះនារី បាញ់ធ្នូ វាយកូនឃ្លីលើតុ និងធែនពីនប៊ូលីង ដែលមានកីឡាករកីឡាការិនីចំនួន២៩នាក់ គ្រូបង្វឹក១១នាក់ ទីប្រឹក្សា បច្ចេកទេស៣នាក់ និងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាម្នាក់៕

ដោយ ហេង ណាលីន