ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជប៉ុននឹងជួយលើកកម្ពស់សមត្ថភាពធនធានមនុស្សនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយលោក ជួនបូណា

ភ្នំពេញ៖ជប៉ុននឹងជួយលើកកម្ពស់សមត្ថភាពធនធានមនុស្សនៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញ​បច្ចេកទេស ចំណេះដឹង និងបទពិសោធន៍ដល់កម្មសិក្សាការរីខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយលោក Fumio Yamada ប្រធានទីភ្នាក់ងារសហប្រតិបត្តិការជប៉ុនហៅកាត់ថា JICAនាព្រឹកថ្ងៃទី០៣ ខែតុលា នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្ពុជា និងJICAជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នានេះ  គឺមានគោលបំណងជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្ទេរជំនាញបច្ចេកទេស ចំណេះដឹង និងបទពិសោធន៍ដល់កម្មសិក្សាការរីខ្មែរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ក្រោមប្រព័ន្ធបណ្ដុះបណ្ដាលកម្មសិក្សាការីបច្ចេកទេស ព្រមទាំងពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរឲ្យកាន់តែល្អ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ឯកឧត្ដមបានញ្ជាក់ថា ការបញ្ជូនសកម្មសិក្សាការរីខ្មែរទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុន គឺមានជំនាញផ្នែកឧស្សាហកម្ម ផ្នែកថែទាំមនុស្សចាស់ និងផ្នែកកសិកម្មជាដើម។

លោក Fumio Yamada ប្រធានទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន JICAបានលើកឡើងថា ចំពោះអនុស្សរណៈយោគយល់គ្នានេះ  គឺមានរយៈពេល៥ឆ្នាំ ដោយធ្វើការបណ្ដុះបណ្ដាលជនពិកាអោយចេះនិយាយភាសារជប៉ុន ជួសជុលម៉ូតូ និងជំនាញកាត់ដេរផងដែរ។ លោកបន្ដថា បន្ទាប់ពីការបណ្ដុះបណ្ដាលនៅកម្ពុជារួច នឹងបញ្ជូនកម្មសិក្សាការីដែលមានកាយសម្បទាគ្រប់គ្រាន់ទៅធ្វើកម្មសិក្សានៅប្រទេសជប៉ុនដែលមានរយៈ៣ឆ្នាំ ដែលមានជំនាញថែទាំមនុស្សចាស់ សំណង់ ទេសចរណ៍ និងគ្រឿងបន្លាស់ជាដើម។លោកបានបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំដែលពួកគាត់បានទទួលការបណ្ដុះបណ្ដាលនូវជំនាញរួច គឺពួកគាត់នឹងមានចំណេះដឹង និងជំនាញ ដើម្បីចូលរួមក្នុងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កម្មសិក្សាការីកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសជប៉ុន គឺមានចំនួន៨០៦០នាក់ ដែលចំនួននេះ គឺមានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំមុនៗ ៕