ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមាជិក នៃសមាគមមនុស្សចាស់រាជធានីភ្នំពេញ នឹងទទួលសេវាសុខាភិបាលសាធារណៈដោយឥតគិតថ្លៃពីរាជរដ្ឋភិបាល

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយលោកអ៊ួង វុធ

ភ្នំពេញ៖ សមាជិកសមាជិការ នៃសមាគមមនុស្សចាស់រាជធានីភ្នំពេញទាំងអស់ នឹងទទួលសេវាសុខាភិបាលសាធារណៈដោយឥតគិតថ្លៃពីរាជរដ្ឋភិបាលដើម្បីចូលរួមកាត់បន្ថយកការចំណាយក្នុងគ្រួសារ។

 ក្នុងពិធីសំណេះសំណាល ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១តុលា ឆ្នាំ ២០១៨ នៅសាលារាជធានី កាលពីល្ងាចថ្ងៃទី០២ តុលា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាន៍ថា យើងទាំងអស់គ្នាត្រូវគិតគូរ និងយកចិត្តទុកដាក់ចំពោះមនុស្សចាស់។ បើទោះ ពួកគាត់បានចូលនិវត្តន៍ ក៏ដោយក៍ត្រូវតាមជួយមើលថែទាំគាត់ដែរ ព្រោះមនុស្សចាស់ទាំងនេះ គឺជាឃ្លាំងនាំបទពិសោធន៏ មានសមត្ថភាព និងជាប្រភពមួយមិនអាចខ្វះបាន សម្រាប់ជួយបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ។ ដូច្នេះ ក្នុងនាមជាអាជ្ញាធរ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែយកចិត្តទុកដាក់គិតគូ ពីមនុស្សចាស់ឲ្យបានជាប់ប្រចាំ ពិសេសគឺផ្តល់សេវាសុខភាពដោយឥតគិតថ្លៃ។

      ឯកឧត្តមអភិបាលបន្តថា មនុស្សចាស់ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាលរហូតមានការជួយឧបត្ថមជាច្រើន រួមជាមួយនឹងការពិនិត្យព្យាបាល។ មនុស្សចាស់បានពន្យល់ទុកនូវគុណបំណាច់ជាច្រើនជូនជាតិ និងចូលរួម អភិវឌ្ឍន៍សង្គមមានការរីកចំរើន ដែលទាំងអស់នេះ គឺជាស្នាដៃដ៏ធំធេង សម្រាប់ក្មេងជំនន់ក្រោមត្រូវយកគំរូ និងងនុវត្តតាម។ជាងនេះទៀត ឯកឧត្តមអភិបាលក៏បានជំរុញឲ្យ ខណ្ឌទាំង១២ សង្កាត់ទាំង១០៥ទូទាំងរាជធានី ត្រូវយកចិត្តទុកដាក់មនុស្សចាស់វាប់ជាប្រចាំ ពិសេសសមាជិករបស់សមាគមមនុស្សចាស់ ដែលរដ្ឋបាលរាជធានីបានបង្កើតរួចមកនៅតាមមូលដ្ឋាន។ ឯឧ.បន្តថា   ក្នុងក្របខណ្ឌសាលារាជធានី យើងបានបង្កើតឲ្យមានសមាគមមនុស្សចាស់ នៅតាមសង្កាត់ទាំង១០៥បន្ថែម  ហើយការជួបជុំប្រារព្ធពិធីនេះ ដើម្បីរំលឹកគុណណូបការៈ ចំពោះបងបៗជាមន្ត្រីរាជការ អ៊ុ ពូ មា មីងទាំងអស់ ដែលធ្លាប់បានចូលរួមចំណែកស្តារ កសាងអភិវឌ្ឍន៏រាជធានីភ្នំពេញ។ខ្ញុំសុំយកឱកាសនេះ ដើម្បីសម្តែងនៃការកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះស្នាដៃនិងគំរួវីរៈភាពដែលមិនអាច បំភ្លេចបាន។

          លោក ស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា រាជធានីភ្នំពេញ បានលើកឡើងថា តាមស្ថិតិឆ្នាំ២០១៧ មនុស្សចាស់នៅរាជធានីភ្នំពេញ ចាប់ពីអាយុ៦១ ឆ្នាំឡើងមាន ចំ នួន១៣៣,៣៦៣នាក់។ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកជាអាទិភាពឲ្យមន្ត្រីសង្គមកិច្ចអតីតយុទ្ធ ជននិងយុវនីតិសម្បទារាជធានី ដាក់បញ្ជូលកម្មវិធីគ្រប់គ្រងសមាគមមនុស្សចាស់ទៅក្នុងកម្មវិធីប្រជុំក្រុម ប្រឹក្សារាជធានី ដើម្បីឲ្យសង្កាត់ក្នុងរាជធានីបន្តអនុវត្តចងក្រងពង្រឹងនិងពង្រីកសមាជិកសមាគមមនុស្ស  ដែលសព្វថ្ងៃមាន សមាជិកសរុប២០,១៦២នាក់ ក្នុងនោះមានស្រ្តី ១១,៥៧៤នាក់។ លោក ស្រីបន្តថាបញ្ហាចម្បងរបស់មនុស្សចាស់ មានបញ្ហាប្រឈមមុខនោះ គឺសុខភាព ស្មារតីចងចាំទន់ខ្សោយ គ្មានឱកាសរកប្រាក់ចំណូល ពិបាកធ្វើដំណើរ ពេលខ្លះត្រូវទទួលខុសត្រូវ មើលថែផ្ទះសំបែង និងកូនចៅបន្ថែមទៀត។ មនុស្សវ័យចាស់មួយចំនួនទៀត មានស្ថានភាពក្រីក្រ ចេញទៅរកប្រាក់ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងមានមនុស្សចាស់មួយចំនួនតូចទៀតត្រូវបានកូនៗបោះបង់ចោល  បង្ខំចិត្តចំណាកស្រុកទៅរកស៊ីក្រៅប្រទេស ឬចាកចេញពីផ្ទះយូរ ដោយទុកឲ្យមនុស្សចាស់រស់នៅឯកោគ្មានទីពឹង។

សូមបញ្ជាក់ថា៖បច្ចុប្បន្ននៅរាជធានីភ្នំពេញមានមនុស្សចាស់ចំនួន១៣៣៣៦៣នាក់និងនៅទូទាំងប្រទេសមានជាង១លាន៥សែននាក់ ចាប់ពីអាយុ៦០ឆ្នាំឡើងទៅមានជំនួន៕