ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្លាប់១៣នាក់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតការរួមប្រជុំការបោះឆ្នោតនៅអាហ្វហ្កានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ — មន្ត្រីក្នុងស្រុកម្នាក់បាននិយាយថា មនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់ និង៣០នាក់ទៀតរបួស បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលបានកើតឡើងភ្លាមៗនៅឯការរួមប្រជុំការបោះឆ្នោតមួយក្នុងខេត្តណានហ្គាហារ ប្រទេសអាហ្វហ្កានីស្ថានភាគខាងកើត កាលពីថ្ងៃអង្គារនេះ ។

មន្ត្រីនោះដែលបដិសេធមិនប្រាប់ឈ្មោះ​ ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ឧប្បត្តិហេតុនេះបានកើតឡើង នៅឯលំនៅដ្ឋានបេក្ខជនបោះឆ្នោតសភាមួយរូប នៅប្រហែលពាក់កណ្តាលថ្ងៃក្នុងតំបន់ Sangar Saray នៃស្រុក Kama ខាងកើតទីក្រុងហ្សាឡាឡាបាដ ធានីខេត្ត ។ ព័ត៌មានដំបូងធ្វើឡើងដោយពួកមន្ត្រី ស្រុកបានរកឃើញថា មនុស្ស១៣នាក់បានស្លាប់ និង៣០នាក់ទៀត របួសនៅក្នុងការផ្ទុះនេះ ។

លោកបាននិយាយថា បេក្ខជន អាប់ឌុលណាស៊ៀរ ម៉ូម៉ាន បានរង់របួសបន្ទាប់ពីការផ្ទុះនេះ ហើយអ្នកវាយប្រហារក៏បានស្លាប់នៅនឹងកន្លែងផងដែរ ។
យុទ្ធនាការបោះឆ្នោតសម្រាប់ការបោះឆ្នោតសភាអាហ្វហ្កានីស្ថានថ្ងៃទី២០ ខែតុលាបានចាប់ផ្តើម កាលពីថ្ងៃសុក្រ នៅទូទាំងប្រទេស ។ បេក្ខជនប្រហែល ២.៦៩១នាក់ មកពីខេត្ត៣៣ នៃខេត្តទាំង៣៤ (ផាត់ចេញខេត្តហ្គាស្នី ) នឹងធ្វើការប្រកួតប្រជែងសម្រាប់អាសនៈ២៤៩របស់សភា ជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្របោះឆ្នោតរបស់ប្រទេសដែលហែកហួរដោយសង្គ្រាមនេះ ។

មនុស្សជាង៥០នាក់ ដែលរួមមានទាំងបេក្ខជនបោះឆ្នោត៧នាក់ផង បានស្លាប់នៅក្នុងការវាយ ប្រហារ ដែលទាក់ទងដល់ការបោះឆ្នោតនៅទូទាំងប្រទេសក្នុងឆ្នាំនេះ ។​ ក្រុមត្រួតពិនិត្យមើលមួយរាយការណ៍ពីព្រឹកថ្ងៃអង្គារនេះថា ជនស៊ីវិលអាហ្វហ្កានីស្ថាន២៤០នាក់ បានស្លាប់ និង៣៥០នាក់ទៀតរបួស នៅក្នុងការប៉ះទង្គិចគ្នានឹងការវាយប្រហារភេរវកម្មក្នុងខែកញ្ញា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )