ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កាកបាទក្រហមនិងសហគ្រាសចិន ជួយដល់តំបន់រញ្ជួយដី និងស៊ូណាមី នៅឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — សង្គមកាកបាទក្រហមចិន និងសហគ្រាសចិនបាននឹងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងការងារជំនួយសង្គ្រោះជាបន្ទាន់ក្នុងតំបន់ដែលប៉ះពាល់ដោយការរញ្ជួយដី និងស៊ូណាមី នៅក្នុងខេត្តស៊ូឡាវ៉េស៊ីភាគកណ្តាលរបស់ប្រទេសឥណ្ឌូណេស៊ី ។

ការរញ្ជួយដីដ៏ខ្លាំងច្រើនលើកដែលមានជាបន្ទាប់មកទៀតដោយស៊ូណាមី នោះបានវាយប្រហារខេត្ត ស៊ូឡាវ៉េស៊ីភាគកណ្តាលកាលពីថ្ងៃសុក្រ ដែលសម្លាប់មនុស្ស ១.២៤៩ នាក់រហូតមកដល់​ពេលនេះ ព្រមទាំងធ្វើឱ្យប្រជាជនជាង ៦០.០០០ផ្លាស់ប្តូរទីកន្លែង ។

តាមពួកមន្ត្រីស្ថានទូតចិនក្នុងក្រុងហ្សាការតា ឱ្យដឹងថា សង្គមកាកបាទក្រហមចិន បានសម្រេចធ្វើអំណោយមានទឹកប្រាក់សរុបទាំងអស់ ២០០.០០០ ដុល្លារ ដល់សមភាគីឥណ្ឌូណេស៊ី របស់ខ្លួន Palang Merah Indonesia ដើម្បីជួយគាំទ្រដល់ការងារជំនួយមនុស្សធម៌ នៅក្នុងខេត្តនេះ ។

នៅពេលជាមួយគ្នានោះ ដែរលោក Ivan Lou នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនទូរស័ព្ទចល័តចិន OPPO បានធ្វើអំណោយ ៤ពាន់លានរួព្យ៉ា ( ប្រហែល 266.666,7 ដុល្លារ ) ដល់ពួកអ្នកនៅរស់ពីមហន្តរាយនេះ ។

លោក Irsan Widjaja នាយកសម្រាប់ការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនវិនិយោគចិនក្នុងប្រទេសឥណ្ឌូណេស៊ី PT IMIP បានបញ្ចូនគ្រឿងសម្ភារ ម៉ាស៊ីនធុនធ្ងន់ ៣គ្រឿងទៅកាន់តំបន់គ្រោះមហន្តរាយ ដើម្បីជួយដល់ការជម្លៀសពួកអ្នកស្រុក ។

លោកបាននិយាយថា យើងដាក់ពង្រាយរថយន្តកាមីញ៉ុងមានដងសន្ទូចមួយគ្រឿង និងគ្រឿងសម្ភារម៉ាស៊ីនធុនធ្ងន់ ២គ្រឿងទៀតនៅកន្លែងនោះ ។
ទីភ្នាក់ងារឧតុនិយម និងរូបសាស្ត្រ ផែនដីបាននិយាយថា ស៊ូណាមី ដែលមានកម្ពស់ ពី ០,៥ ទៅ ៣ ម៉ែត្រ បានបំផ្លិចបំផ្លាញតំបន់ឆ្នែរសមុទ្រក្បែរឆ្នេរសមុទ្រ Talisa ក្នុងទីក្រុង Palu រដ្ឋធានីខេត្តនេះ ព្រមទាំងស្រុក Donggala ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )