ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តមអូស្មាន ហាស្សាន់ ដឹកនាំគណៈចលនាសាសនិកអ៊ិស្លាមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នៃ ប៉េណា

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ –នៅរសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៨ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកអ៊ិស្លាម អមដំណើរដោយ ឯកឧត្តម ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រួមជាមួយឥស្សរជន ក្រសួង ស្ថាប័ននានា សមាជិសមាជិ កា គណៈចលនាសាសនិកអ៊ិស្លាមកម្ពុជាជាច្រើនរូប បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា និងដើម្បីរំលែកទុក្ខ លោកជំទាវ មាឃ ឡាញ់ នៃប៉េណា និងក្រុមគ្រួសារ ខណៈដែលឯកឧត្តម នៃ ប៉េណា ដែលជាស្វាមីដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវ បានទទួលមរណភាពនៅរសៀលថ្ងៃសៅរ៍ ០៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។ 

     ឯកឧត្តម អូស្មាន ហាស្សាន់ បានសម្ដែងនូវក្តីដ៏សែនក្រៀមក្រំបំផុតនេះ ខ្ញុំបាទ យើងខ្ញុំទាំងអស់គ្នា ពិតជាសោកស្តាយជាទីបំផុតចំពោះការបាត់បង់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលជាកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេស ក្នុងទឹកចិត្តស្នេហាជាតិ និងជាថ្នាក់ដឹកនាំព្រឹទ្ធសភាដ៏ឧត្តុង្គឧត្តម តំណាងប្រជាពលរដ្ឋគួរជាទីគោរពស្រឡាញ់។ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយជាទីបំផុតជាមួយលោកជំទាវ និងក្រុមគ្រួសារ ដែលបានបាត់បង់នូវឧត្តមស្វាមី បីតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។

        សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៦:០០នាទី សពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា នឹងធ្វើការដង្ហែចេញពីគេហដ្ឋាននៃសពក្នុងបុរី ប៉េងហួត បឹងស្នោរ ដើម្បីធ្វើការបូជានៅឈាបនដ្ឋានមុខវត្តបទុមវតី តាមតម្រាយផ្លូវ ពីផ្លូវជាតិលេខ១ ឆ្លងកាត់ស្ពានមុនីវង្ស បត់ស្ដាំតាមបណ្ដោយមហាវិថីព្រះនរោត្តម រហូតដល់វិមានឯករាជ្យ បត់ស្ដាំតាមផ្លូវព្រះសីហនុ ទើបបត់ឆ្វេងតាមផ្លូវសុធារស ឆ្ពោះទៅកាន់ឈាបនដ្ឋានមុខវត្តបទុមវតី ។ ដើម្បីសម្រួលដល់ពិធីដង្ហែសពប្រព្រឹត្តទៅដោយរលូនតាមបែបសាសនា និងបញ្ចៀសបានការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តម្រាយផ្លូវដង្ហែខាងលើ មេត្តាបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចាប់ពីម៉ោង ០៦:០០នាទី រហូតដល់ក្បួនដង្ហែសពបានបញ្ចប់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកធ្វើដំណើរឆ្លងកាត់ តាមតម្រាយផ្លូវខាងលើ មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការរំខានក្នុងការធ្វើចរាចរណ៍ទៅមកក្នុងរយៈពេលខ្លី ៕

ដោយសួស សំរិត