ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក- អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៨ –ប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូ្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ដែលដឹកនាំដោយ លោក Michael W. Michalakអនុប្រធានជាន់ខ្ពស់ និងជាប្រធានគ្រប់គ្រងថ្នាក់តំបន់នៃក្រុមប្រឹក្សាធុរកិច្ច ដោយមានការអមដំណើរពីឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូមកពីក្រុមហ៊ុន អាម៉េរិកជាច្រើនរូបទៀតដូចជា៖ ក្រុមហ៊ុនAstraZeneca,ក្រុមហ៊ុនChevron, ក្រុមហ៊ុនCoca-Cola, ក្រុមហ៊ុនDupont,ក្រុមហ៊ុនFord, ក្រុមហ៊ុនHerbalife, ក្រុមហ៊ុនMastercard, ក្រុមហ៊ុន RMA Group, និងក្រុមហ៊ុន Visa

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីផែនការ និងគម្រោងកំពុងដំណើរការបន្ត ដែលពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវជាតិរបស់កម្ពុជា ការពង្រីកកំពង់ផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ និងគោលដៅផែនការរយៈពេល១០០ថ្ងៃនៃអាណត្តិទី៦ និងបានលើកឡើងផងដែរអំពីក្រុមប្រឹក្សាភ័ស្ដុភារកម្មជាតិ និងផែនការមេជាតិភស្ដុភារកម្ម ដែលនឹងជួយឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មឈានមុខគេប្រចាំតំបន់អាស៊ាន។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យ ដែលក្នុងនោះរួមមាន ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះតំណាងមកពីក្រុមហ៊ុនVisa និងក្រុមហ៊ុន MasterCard ដោយសង្ឃឹមថា កាតឥណទានរបស់ក្រុមហ៊ុនទាំងនេះអាចផ្តល់ជម្រើសជាច្រើនថែមទៀតឱ្យប្រជាពលរដ្ឋកម្ពុជា សម្រាប់ការទូទាត់តាមអនឡាញ ដែលជាមធ្យោបាយមួយក្នុងការធ្វើទំនើបកម្ម សេវាដឹកជញ្ជូនជូនប្រជាពលរដ្ឋកម្ពុជា។

លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនកាតឥណទាន ទាំងនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីជាន់ខ្ពស់របស់ក្រសួង ដើម្បីឈ្វេងយល់ពីឱកាស ទូទាត់តាម អនឡាញកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាពលរដ្ឋខ្មែរ។

ដោយឡែក ឯកឧត្ដមឯកអគ្គរដ្ឋទូត W. Patrick Murphy បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជា(ដៃគូអាស៊ាន) និងសហរដ្ឋអាមេរិក និងដើម្បីជំរុញការវិនិយោគអាម៉េរិកបន្ថែមទៀតមកកម្ពុជា

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន គឺជាអង្គការតស៊ូមតិមួយសម្រាប់សាជីវកម្មអាម៉េរិក ដែលធ្វើប្រតិបត្តិការនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)។ ក្រុមប្រឹក្សានេះដើរតួជាសំឡេងមួយនៃវិស័យឯកជនរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក រវាងសហរដ្ឋអាមេរិក និងអាស៊ីអាគ្នេយ៍៕

ដោយ ទេស ច័ន្ទសុធារី