ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារជាមួយគណៈប្រភិភូធុរជនអាស៊ាន-អាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ –ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយប្រតិភូធុរជននៃបណ្តាប្រទេសអាស៊ាន និងអាម៉េរិក មកពីក្រុមហ៊ុនធំៗចំនួន ១០ ដែលដឹកនាំដោយលោក ម៉ាយឃើល មីឆាលឡាក់ (Michael W. Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក ដើម្បីផ្សព្វផ្សាយឱកាសវិនិយោគ។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូថា កម្ពុជា គឺជាប្រទេសបើកចំហសេដ្ឋកិច្ច ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេនៅក្នុងតំបន់ ជាពិសេសគ្មានការរើសអើងចំពោះការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ហើយវិនិយោគិនបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនបានទាំងស្រុង និងអាចប្រមូលប្រាក់ចំណេញពីការធ្វើធុរកិច្ចបាន ១០០ភាគរយ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលដៅនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលផ្តោតសំខាន់លើការកែទម្រង់ ដើម្បីធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដោយសមធម៌ និងវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ E-Commerce ដែលបច្ចុប្បន្នកំពុងត្រូវបានពិនិត្យ និងកែសម្រួលចុងក្រោយ ដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឱ្យមានសង្គតិភាព (ចំណុចស្រប) ជាមួយច្បាប់ដទៃទៀតរបស់កម្ពុជា ។

ឯកឧត្តមក៏បានលើកឡើងផងដែរអំពីឧត្តមភាពរបស់កម្ពុជា ដូចជាលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រ (បេះដូងនៃអាស៊ាន) គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម កម្លាំងពលកម្មវ័យក្មេង តំបន់សេដ្ឋកិច្ចពិសេស និងគម្រោង Plus One ដែលផ្តល់ភាពបត់បែនខ្ពស់ដល់វិនិយោគិន ក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បីនាំចេញទីកាន់ទីផ្សារអន្តរជាតិ នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗ ផ្តល់ប្រទេសជាដៃគូរបស់កម្ពុជា។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានបកស្រាយនូវសំណួរ និងសំណូមពរផ្សេងៗ ដែលលើកឡើងដោយគណៈប្រតិភូធុរជនអាស៊ាន-អាម៉េរិក និងសន្យាជួយសម្របសម្រួលរាល់បញ្ហាទាំងឡាយ ដើម្បីឈានទៅសម្រេចបានស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា គឺការវិនិយោគដើម្បីបង្កើតប្រាក់ចំណេញ និងបែងចែងកំណើនដោយសមធម៌ កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្រចតុកោណថ្មី

ដោយឡែក លោក ម៉ាយឃើល មីឆាលឡាក់ តំណាងឱ្យប្រតិភូធុរជនអាស៊ាន-អាម៉េរិក បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានរៀបចំជំនួបដ៏មានសារៈសំខាន់ នេះ ដើម្បីឱ្យតំណាងក្រុមហ៊ុនទាំងអស់ បានឈ្វេងយល់កាន់តែច្បាស់ អំពីគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសក្តានុពលវិនិយោគលើវិស័យអទិភាពផ្សេងៗ រាប់តាំងពីសេដ្ឋកិច្ច ថាមពល បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស៕

ដោយ ទេស ច័ន្ទសុធារី