ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរក្រុងសៀមរាបចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរាណ៍ផ្លូវគោក និងការរឹតបន្តឹងស្តីពីការពាក់មួកសុវត្ថិភាព

AKP សៀមរាប ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — ដើមី្បកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ក្រុមការងារលេខាធិការដ្ឋាននៃអនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប ក្រោមការដឹកនាំ របស់លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោក គឹម ប៉ុណ្ណាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ និងជាប្រធានលេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត ដោយរួមសហការពីនគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តផង បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរាណ៍ផ្លូវគោក និងជាពិសេសការ​រឹត​បន្តឹង​ស្តីពីការ​ពាក់មួក​សុវត្ថិភាព។


យុទ្ធនាការនេះបានចាប់ផ្តើមឡើងកាលពីថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ពោលគឺក្រុមការងារបានបែងចែកជាពីរគោល ដៅគឺគោលដៅរង្វង់មូលព្រះរាជដំណាក់ និងរង្វង់មូលនាគបាញ់ទឹក(ផ្សារចាស់)។ យុទ្ធនាការនេះដែរគេពុំមានការផាកពិន័យទេ ពោលគឺអ្នកល្មើសនឹងច្បាប់ត្រូវបានអប់រំណែនាំ និងឆ្លើយសំណួរចំនួន៣ បើឆ្លើយត្រូវទាំងបីនោះនឹងទទួលបានមួកសុវត្ថភាព១ ដោយឥតគិត ថ្លៃ តែបើឆ្លើយខុសជូនឯកសារ និងសៀវភៅច្បាប់យកទៅរៀនបន្ថែម។
យោងតាមការបញ្ជាក់របស់លោក គឹម ប៉ុណ្ណា បានឱ្យដឹងថា ក្នុងយុទ្ធនាការនេះដែរ ក្រុមការងារបន្ទាប់ពីបានធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបើកបរមិនបានពាក់ មួកសុវត្ថិភាពនោះ ក្រុមការងារក៏បានចែកនូវមួកសុវត្ថិភាពចំនួន២៤មួក សៀវភៅច្បាប់ចរា ចរណ៍ចំនួន១២០ក្បាល សៀវភៅម៉ូតូចំនួន១២០ក្បាល លិខិតជំនួយស្មារតីចំនួន១០០០សន្លឹក ស្ទីកឃ័រមានអក្សរចំនួន២០០សន្លឹក ក្រមសីលធម៌នៃការបើកបរ១០ចំណុចចំនួន១៤០សន្លឹក ផ្ទាំងថ្មើរជើងចំនួន២៥សន្លឹក និងផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗចំនួន២៥សន្លឹកផងដែរ៕

ដោយ ហង្ស សៀក