ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីយ៍សំវរៈ

AKP កំពង់ធំ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្ត និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដ៏ធំ ក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ ខានឡើយ។ រៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ ថៃ្ងទី១៥រោច ខែភទ្របទ ដែលមានរយៈ ពេល១៥ថៃ្ង ដោយមាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ ព្រមទាំងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យ យកមកប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យ ឧទ្ទិសកុសលដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមក ទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។

ឯកឧត្តមបន្ថែមទៀតថា យើងអាចប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យផ្សេងៗ ទៀតបានដោយសារតែកត្តាសន្តិភាព ដូច្នេះសូមយើងទាំងអស់គ្នាថែរក្សាសន្តិភាព នេះឱ្យបានស្របតាមគោលនយោបាយរបស់រាជដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំបានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំបុណ្យកឋិនទានសាមគ្គីមួយ ដង្ហែមកកាន់វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីប្រមូលបច្ច័យវេរ ប្រគេនព្រះសង្ឃ ក្នុងការសាងសង់ព្រះវិហារ ឱ្យបានឆាប់រហ័ស៕

ដោយ ស៊ុម វណ្ណា