ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ផ្ញើ​សារចូលរួម​រំលែកទុក្ខ ចំពោះ​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណា​មិ​នៅប្រទេស​ឥណ្ឌូណេស៊ី​

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ —  សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជា​​នៅ​ថ្ងៃ​ទី​០២ ​ខែ​តុលា​ ឆ្នាំ​២០១៨​នេះ ​បាន​ផ្ញើ​សារ​ចូល​រួម​រំលែក​ទុក្ខ ​ជូន​ឯកឧត្ដម ​ចូកូ​ វីដូដូ ​ប្រ​ធា​នា​ធិបតីនៃសាធារណរដ្ឋ​ឥណ្ឌូណេស៊ី ​ចំពោះ​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី ​និង​រលក​យក្ស​ស៊ូណា​មិ​​ ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​កញ្ញា ​កន្លង​មកនេះ​ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ប្រមាណ​​មួយ​ពាន់​​នាក់​ និង​របួស​រាប់​រយ​នាក់​ទៀតនៅក្នុងប្រទេសឥណ្ឌូណេស៊ី​នោះ។


យោង​តាម​សារ​លិខិត​របស់​សម្តេច​តេជោ ​ហ៊ុន​ សែន ​បាន​ថ្លែង​ថា ​«ខ្ញុំ​មាន​សេចក្តី​រន្ធត់​យ៉ា​ង​ខ្លាំង​ ដោយបាន​ទទួល​ដំណឹង​អំពី​ការ​បាត់​បង់​ជីវិត​ប្រជាជន​ជា​ច្រើន​ ហើយ​រាប់​រយ​ពាន់​នាក់​ផ្សេង​ទៀត​ ក៏​បាន​បាត់​ខ្លួន​ និង​រង​របួស​ ក្នុង​គ្រោះ​រញ្ជួយ​ផែន​ដី និ​ង​រលក​យក្ស​ ស៊ូណាមិ ​(Tsunami) ដែល​បាន​បង្ក​ការ​បំផ្លិច​បំផ្លាញ​ដ៏ធំ​នៅ​ទីក្រុង​ប៉ាលូ​ (Palu) កោះ​ស៊ូឡា​វេស៊ី ​(Sula​we​s​​i) នាចុង​សប្តាហ៍​នេះ»​។

ក្នុងគ្រាដ៏សោកសៅនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន​នៃព្រះ​រា​ជា​ណាចក្រកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងអាណិតអាសូរបំផុត ជូន​ចំពោះ​ឯកឧត្ដម និងតាមរយៈឯកឧត្ដម ជូនប្រជាជានឥណ្ឌូណេស៊ី ជាពិសេសក្រុមគ្រួសារសព និង​ជនរងគ្រោះ ចំពោះការបាត់បង់ និងទុក្ខវេទនាដ៏ធំដោយសារបាតុភូតធម្មជាតិដ៏​អកុសល​នេះ​។ កម្ពុជាឈរកៀកស្មារួមជាមួយឥណ្ឌូណេស៊ី ក្នុងគ្រាមានទុក្ខដោយគ្រោះមហន្តរាយនេះ និង​សូមជូនពរអ្នកដែលរងរបួស ឱ្យបានឆាប់ជាសះឡើងវិញ។

គួរបញ្ជាក់ដែរថា បើតាមការបញ្ជាក់តួលេខផ្លូវការពីទីភ្នាក់ងារគ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ឥណ្ឌូ​ណេស៊ី ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០២ ខែ​​តុលា ឆ្នាំ២០១៨នេះ ចំនួនមនុស្សបាត់បង់ជីវិត ក្នុងគ្រោះមហន្តរាយរញ្ជួយដី និងស៊ូណាមិ​ដ៏​អា​​ក្រក់ នៅ​​ប្រទេសឥណ្ឌូណេស៊ី បានកើនដល់ជាង១២៣០នាក់៕

ដោយ ជឹម ណារី