ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហព័ន្ធបាល់ទាត់ចេញបញ្ជីឈ្មោះជម្រើសជាតិត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយជម្រើសជាតិទីម័រខាងកើត

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះកីឡាករ ជម្រើសជាតិរបស់ខ្លួនចំនួន ២៤ នាក់ នៅព្រឹកថ្ងៃអង្គារ៍ ទី០២ ខែតុលានេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម ជម្រើសជាតិទីម័រខាងកើត នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ដែលក្នុងចំណោម​សមាជិក​​ ២៤នាក់ លើកនេះក៏មានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ផងដែរ បន្ទាប់ពីជាសះពីរបួស។ នេះ គឺជាការប្រមូលផ្តុំហ្វឹកហាត់ជាលើកទី២ ក្រោមការដឹកនាំរបស់លោក Keisuke Honda អ្នក ចាត់ការទូទៅ និងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ដោយការប្រមូលផ្តុំហ្វឹកហាត់ និងការ ប្រកួតរបស់ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវជម្រើសជាតិម៉ាឡេស៊ី ដោយលទ្ធផល ១ទល់​៣ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។

ក្រៅពីការប្រកួតជាមួយក្រុមទីម័រខាងកើត គឺក្រុមកម្ពុជានឹងត្រូវប្រកួតមិត្តភាពអន្តរជាតិមួយប្រកួតទៀតជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះដែរ។ ទន្ទឹមនេះ គោលបំណងចម្បងនៃការប្រកួតមិត្តភាព អន្តរជាតិធំៗចំនួន៣របស់កម្ពុជា គឺដើម្បីបង្កើនកម្រិតបច្ចេកទេស និងគុណភាពថាមពល កម្លាំង ដើម្បីត្រៀមការប្រកួតនៅក្នុង ព្រឹត្តិការណ៍ AFF Suzuki Cup 2018 នាខែវិច្ឆិកា ខាងមុខ។
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានប្រកាសពីការលក់សំបុត្រចូលរួមទស្សនា ការប្រកួតមិត្តភាពនេះ ដោយលក់ក្នុងតម្លៃ១ម៉ឺនរៀល សម្រាប់កន្លែងអង្គុយមានដំបូល និងកន្លែងអង្គុយគ្មានដំបូលតម្លៃ៥.០០០រៀល។
គួរបញ្ជាក់ថា ការប្រកួត AFF Suzuki Cup 2018 គឺក្រុមកម្ពុជាត្រូវលេងនៅក្នុងពូលA ជាមួយ៤ ប្រទេសផ្សេងទៀត រួមមាន៖ វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងឡាវ ខណៈពូល B មានថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី និងទីម័រខាងកើត៕

ដោយ ហេង ណាលីន