ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សហព័ន្ធកីឡាបាញ់កាំភ្លើងរៀបចំវគ្គបណ្តុះបណ្តាល កម្រិតមូលដ្ឋានដល់គ្រូបង្វឹកបាញ់កាំភ្លើង

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា​បាន រៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋាន កាលពីថ្ងៃទី០១ ខែ តុលា ឆ្នាំ២០១៨​ នៅពហុកីឡដ្ឋានជាតិ និងគ្រោងបញ្ចប់ នាថ្ងៃទី០៦ ខែតុលានេះ។


អគ្គលេខាធិការរងសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា លោក គុជ វណ្ណៈ បានបញ្ជាក់ថា វគ្គ បណ្តុះបណ្តាលគ្រូបង្វឹកកីឡាបាញ់កាំភ្លើងកម្រិតមូលដ្ឋាននេះមានសិក្ខាកាម៣១នាក់ក្នុងនោះ មាននារី១០នាក់មកពី កងទ័ពឆ័ត្រយោង៩១១ អង្គភាពប្រឆាំងភេវរកម្ម អង្គភាពការពារ អាកាស និងក្លិបPPSC ដែលបង្រៀនដោយគ្រូឧទ្ទេស គឺលោក Thomas Bavet។ អគ្គលេខា ធិការរងរូបនេះបញ្ជាក់ទៀតថា វគ្គសិក្សានេះមានផលប្រយោជន៍យ៉ាងច្រើន សម្រាប់សហព័ន្ធ ក្នុងការផលិតបាននូវធនធានគ្រូបង្វឹក ដើម្បីអភិឌ្ឍន៍វិស័យកីឡាមួយនេះឱ្យមានកាន់តែរីក ចម្រើន។


លោក ម៉ិល កាដូ អគ្គនាយករង អគ្គនាយកដ្ឋានកីឡាបានណែនាំថា កីឡាបាញ់កាំភ្លើង គឺជាប្រភេទ កីឡាមួយលឿនរហ័សចាំបាច់អ្នកប្រើប្រាស់សម្ភារ ត្រូវតែមានការម្រុងប្រយ័ត្ន ខ្ពស់ និងអត់ធ្មត់ក្នុងពេលអនុវត្តន៍។ លោកបានបន្ដថា សម្រាប់ការសិក្សានេះ​សិក្ខាកាម​ទាំង អស់គប្បីត្រូវខិតខំក្រេបយកចំណេះវិជ្ជាឱ្យបានជាក់ច្បាស់ ដើម្បីយកចំណេះដឹងទាំងនេះ យក ទៅបង្រៀនបន្តដល់កីឡាករ កីឡាការិនី នាពេលខាងមុខ។ ប្រភេទកីឡាបាញ់កំាភ្លើង នេះក៏ត្រូវចូលរួមប្រជែងដណ្តើមមេដាយជូនជាតិដែរ នៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ខាងមុខ នៅកម្ពុជា។

គួរបញ្ជាក់ថា វិស័យកីឡាបាញ់កាំភ្លើងកម្ពុជាត្រូវបង្កើតឡើងកាលពីឆ្នាំ១៩៩៣ ប៉ុន្តត្រូវ បានផ្អាកមិនមានសកម្មភាពមួយរយៈពេល ក្រោយមកទើបនៅឆ្នាំ២០១៥ ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានរៀបចំសមាសភាពជួយជ្រោម​ជ្រែង​វិស័យកីឡាមួយនេះឱ្យរស់ឡើងវិញ៕

ដោយ ហេង ណាលីន