ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

PLO ទទូចដល់ អ.ស.ប ឱ្យចុះបញ្ជីអ៊ីស្រាអែលថា ​ជារដ្ឋរំលោភសិទ្ធិកុមារ

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — អង្គការរំដោះប៉ាឡេស្ទីន ( ​PLO ) កាលពីថ្ងៃចន្ទ បានផ្ញើលិខិតមួយទៅឱ្យអគ្គលេខាធិការ អ.ស.ប លោក អង់តូនីញ៉ូ ហ្គូតែរ៉េស (​Antonio Gutterres ) ដោយទទូចដល់លោកឱ្យចុះបញ្ជីប្រទេសអ៊ីស្រាអែលថា ជារដ្ឋដែលរំលោភសិទ្ធិកុមារនៅក្នុងសេចក្តីរាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីកុមារនិងចម្លោះប្រដាប់អាវុធ។

លិខិតនោះ ដែលផ្ញើពីអគ្គលេខាធិការ ​PLO លោក សា​អេប អេរ៉កាត ( Saeb Erekat ) នោះធ្វើឡើង ២​ថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់កុមារប៉ាឡេស្ទីន ២នាក់នៅហ្គាហ្សា កាលពីថ្ងៃសុក្រ ។

លិខិតនោះបាននិយាយថា ចេញពីសេចក្តីរាយការណ៍នានា ដែលលោកបានទទួលពីបណ្តាទីភ្នាក់ងារ អ.ស.ប ដែលធ្វើការនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលគេកាន់កាប់នឹងតាមរយៈបណ្តាញទ្វេភាគីរបស់យើងនោះវានឹងក្លាយជាភស្តុតាងដែលថា អ៊ីស្រាអែលក្នុងឋានៈជាកម្លាំងកាន់កាប់មួយ នឹងបន្តការរំលោភយ៉ាងសាហាវ របស់ខ្លួនដល់កាតព្វកិច្ចរបស់ខ្លួននៅក្រោមអនុសញ្ញាក្រុងហ្សឺណែវទី៤ ព្រមទាំងសន្ធិសញ្ញាដទៃទៀតដែលរួមទាំងអនុសញ្ញា អ.ស.ប ស្តីពីសិទ្ធិកុមារផង ។

តាមលិខិតនោះឱ្យដឹងថា កាលពីថ្ងៃសុក្រកន្លងទៅពួកអ្នកលបបាញ់អ៊ីស្រាអែលបានបាញ់សម្លាប់​Abdelnasser Musabeh ​អាយុ ១២ ឆ្នាំ និង Mohammad Al.Hoom អាយុ ១៤ឆ្នាំ នៅពេលដែលពួកគេកំពុងឈរនៅចម្ងាយរាប់រយម៉ែត្រពីកងកម្លាំងអ៊ីស្រាអែល ដែលបានដាក់ពង្រាយនៅហ្គាហ្សាស្រ្ទីប ។
មន្ត្រីជាន់ខ្ពស់​ PLO នេះបានចោទប្រកាន់អ៊ីស្រាអែលពីបទរំលោភសិទ្ធិកុមារ ដែលរួមមានការសម្លាប់នឹងធ្វើឱ្យកុមារពិការ , ការចាប់ពង្រត់កុមារ , ការវាយប្រហារទៅលើសាលារៀន និង មន្ទីរពេទ្យ ព្រមទាំងការបដិសេធ មិនឱ្យមានការចូលជំនួយមនុស្សធម៌សម្រាប់កុមារ ។

លោក អេរ៉េកាត ក៏បានរំលឹកឡើងវិញផងដែរ ការទាមទារឱ្យមានកិច្ចការពារជាអន្តរជាតិសម្រាប់ពួកជនស៊ីវិលប៉ាឡេស្ទីន ដោយលោកនិយាយបន្ថែមថា កុមារប៉ាឡេស្ទីន ជាង ៣៥០ នាក់បច្ចុប្បន្នត្រូវបានគេឃុំឃាំងនៅក្នុងប្រទេសអ៊ីស្រាអែល ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )