ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ្នកស្លាប់ដោយការរញ្ជួយដី និងរលកយក្សស៊ូណាមី នៅឥណ្ឌូណេស៊ីកើនដល់ ១.២០៣នាក់

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨​ — កាលពីថ្ងៃទី ០១ ខែតុលា រដ្ឋាភិបាលឥណ្ឌូណេស៊ីបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី និងរលកយក្សស៊ូណាមិនៅក្នុងខេត្ត Sulawesi នៃប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ១.២០៣នាក់ ហើយតួលេខនេះនឹងមានការកើនឡើងជាបន្តទៀត។

ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារមានសមត្ថកិច្ចបាននិយាយថា មានអ្នកទោសប្រហែល ១.២០០នាក់បានរត់គេចខ្លួនពីកន្លែងឃុំឃាំងផ្សេងគ្នាចំនួន ៣ នៅលើកោះ Sulawesi ។ មន្ត្រីនៃក្រសួងយុត្តិធម៌ លោកស្រី Sri Puguh Utami បាននិយាយថា អ្នកទោសបានរត់គេចពីកន្លែងឃុំឃាំងពីរកន្លែងដែលដាក់អ្នកទោសច្រើនលើសពីសមត្ថភាពនៅទីក្រុង Palu និងទីក្រុង Donggala បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារតំបន់ទាំងនោះ។

អ្នកស្រីបាននិយាយបន្ថែមថា ពន្ធនាគារ Donggala ត្រូវបានគេដុតបំផ្លាញ ហើយអ្នកទោសចំនួន ៣៤៣នាក់ ត្រូវបានដោះលែងនៅពេលនោះ។ ជនជាប់ចោទខ្លះ ត្រូវជាប់គុកដោយសារអំពើពុករលួយ និងបទល្មើសគ្រឿងញៀន ខណៈដែលអ្នកទោស ៥នាក់ ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើភេរវកម្ម ត្រូវបានផ្លាស់ប្តូរពីពន្ធនាគារនេះនៅរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនគ្រោះមហន្តរាយ។

កន្លែងឃុំឃាំង Sulawesi ត្រូវបានបំផ្លិចបំផ្លាញដោយរញ្ជួយដីពីរដង ដែលមានទំហំ ៦,១រ៉ិចទ័រ និង ៧,៥រ៉ិចទ័រ កាលពីថ្ងៃទី ២៨ ខែកញ្ញា ហើយរលកយក្សស៊ូណាមីមួយបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយរញ្ជួយដីលើកទីពីរនៅតំបន់នោះ នៅរសៀលថ្ងៃដដែល។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអំពាវនាវឱ្យមានការជួយគាំទ្រពីសហគមន៍អន្ដរជាតិ ដើម្បីជំនះលើផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិនៅ Sulawesi ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Tom Lembong ប្រធានទីភ្នាក់ងារផ្តល់សេវាវិនិយោគឥណ្ឌូណេស៊ី (BKPM) បាននិយាយថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានយល់ព្រមទទួលយកជំនួយអន្តរជាតិសម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយនេះ។ ទីភ្នាក់ងារផ្តល់ជំនួយ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានតម្រង់ជួរគ្នាដើម្បីផ្តល់ជំនួយសង្គ្រោះដោយផ្ទាល់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)