ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ដ្រីក្រសួងការងារ ស្នើឲ្យមានការបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែជិតស្និតបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា៖
រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឲ្យ​មាន​ការ​បន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធឱ្យកាន់តែជិតស្និតបន្ថែមទៀត ដើម្បីសម្រេចបានលក្ខខណ្ឌការងារឱ្យកាន់តែល្អប្រសើរ និងមាន​ប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីបើកវេទិកាសំណេះសំណាល រវាងតំណាងរាជរដ្ឋាភិបាល​ជា​មួយវិស័យឯកជនលើប្រធានបទ “ការអភិវឌ្ឍថ្មីៗ ជុំវិញការអនុវត្ត​កាត​ព្វ​កិច្ច ក្រោមច្បាប់ស្តីពីការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា​”នៅសណ្ឋាគារ តារាអ៊ែរផត ថ្ងៃទី០២ ខែតុលានេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​បាន​ស្នើគ្រប់ភាគីពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ និងជជែកពិភាក្សាឱ្យ​បាន​​​ផុសផុលក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយក្នុងការធានាបានលក្ខខណ្ឌការងារល្អប្រសើរ ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ បរិយាកាសវិនិ​យោគ​ប្រកបដោយភាពទាក់ទាញ ក៏ដូចជាការចូលរួមបន្តអភិវឌ្ឍ​សេដ្ឋ​កិច្ចប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែម​ទៀតប្រកប​ដោយចីរភាព។


ឯកឧត្តមបណ្ឌិត អ៊ិត សំហេងបន្ដថា ប្រសិនបើមិនមានកិច្​ចសហការជាវិជ្ជមាន និងការចូលរួមពីវិស័យឯកជន អង្គការវិជ្ជាជីវៈ និងដៃគូអភិវឌ្ឍន៍នានារបស់កម្ពុជា គឺមិនអាចសម្រេច បាននូវច្បាប់​ស្តីពីការងារបាននោះទេ ។


ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា នេះជាវេទិកាមួយដែលវិស័យឯក​ជន​អាចបន្តសិក្សាស្វែងយល់អំពីវឌ្ឍនភាពនានានៅក្នុងវិស័យការងារ និង​​បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីត្រៀមខ្លួនក្នុងការចូលរួម​ចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកាន់តែទូលំទូលាយ។

ទន្ទឹមនឹងនេះ វាក៏ជាឱកាសមួយ ដែលវិស័យឯកជនអាច​ជួបប្រា​ស្រ័យ​ទាក់ទងដោយផ្ទាល់ជាមួយតំណាងរាជរដ្ឋាភិបាល ក្នុងការ​ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា នាពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាផលប្រយោជន៍រួមទាំងអស់គ្នាផងដែរ៕