ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វិមានឈ្នះឈ្នះនឹងសម្ពោធនៅចុងឆ្នាំនេះដើម្បីអបអរសាទរ ខួប២០ឆ្នាំ នៃការស្វែងរកសន្តិភាពតាមនយោបាយឈ្នះឈ្នះ

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ –នៅក្នុងកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពដើម្បីឈានទៅរៀបចំពិធីសម្ពោធវិមានឈ្នះឈ្នះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងត្រូវសម្ពោធជាផ្លូវការនៅចុងឆ្នាំនេះរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៩ ដល់៣១ ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ ដែលនៅសល់តែរយៈពេលជាងមួយខែទៀតតែប៉ុណ្ណោះ ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨  

    ឯកឧត្ដមបានញ្ជាក់ថា  វិមានឈ្នះឈ្នះដែលរៀបចំកសាងឡើងដោយក្រសួងការពារជាតិ គឺជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០នៃការបញ្ចប់សង្រ្កាមនៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកសន្តិភាពតែមួយគត់ និងជាអ្នកពន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជាដោយពុំមានការបង្ហូរឈាម នាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យ

   ឯកឧត្ដម  អភិបាលរាជធានីភ្នំពេញ បានបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមរៀបចំកម្មវិធីនេះឱ្យមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អប្រសើរតាមរយៈការត្រៀមរៀបចំបង្កើតអនុគណៈកម្មការទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន៕

ដោយ  សួស សំរិត