ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម គួច ចំរើន ជំរុញដល់ប្រជាពលរដ្ឋឱ្យប្រញាប់ប្រញាល់ធ្វើការសាបព្រោះបន្ទាប់ពីទទួលបានស្រូវពូជ

AKP កំពង់ចាម ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ –ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានជំរុញដល់ប្រជាពលរដ្ឋត្រូវតែប្រញាប់ប្រញាល់ធ្វើការសាបព្រោះ បន្ទាប់ពីទទួលបានស្រូវពូជហើយនោះ និងទឹកជំនន់បានចាប់ផ្តើមស្រក ដែលកសិកយើងអាចមានលទ្ធភាពធ្វើបានទាន់រដូវកាលមានទឹកគ្រប់គ្រាន់ដើម្បីស្ដារឡើងវិញនូវផ្ទៃដីដែលខូចខាតដោយទឹកជំនន់ ព្រោះឆ្នាំនេះទឹកជំនន់បានអូសបន្លាយមានរយៈពេលយូរជាបណ្តាឆ្នាំមុនៗ។

       ឯកឧត្តម អភិបាលខេត្តកំពង់ចាមថ្លែងដូចនេះនៅក្នុងឱកាសដែលឯកឧត្តមជួបសំណេះ សំណាលនិងនាំយកស្រូវពូជចំនួនជាង ៥២តោនទៅចែកជូនប្រជាពលរដ្ឋចំនួន .៣១៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់មកពីឃុំចំនួន៣ រួមមាន ឃុំច្បារអំពៅ តាំងក្រាំង និងឃុំបាធាយ របស់ស្រុកបាធាយ ខេត្តកំពង់ចាមដោយក្នុងមួយគ្រួសារៗទទួលបានស្រូវពូជចំនួន ៤០គីឡូក្រាម កាលពីរសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ដែលពិធីនេះធ្វើនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ជើងឆ្នុក ស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ។

         ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា តាមរបាយការណ៍បានឱ្យដឹងថា គ្រោះមហន្តរាយដោយទឹកជំនន់ឆ្នាំនេះបានធ្វើឱ្យស្រុកចំនួន មានឃុំចំនួន៥២ និងប្រជាពលរដ្ឋប្រមាណជាង៣៧.០០០គ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់។ទឹកជនន់បានសម្លាប់មនុស្យអស់២៦នាក់និង១១២នាក់រងគ្រោះដោយសត្វសិរ្ពិស ចឹក ទិចនិងខាំ។ ចំពោះវិស័យកសិកម្មវិញទឹកជនន់បានធ្វើឱ្យផ្ទៃដីស្រូវវស្សាប្រមាណជាង ៧.៧០០ហិកតា រងផលប៉ះពាល់ ហើយក្នុងនោះការខូចខាតទាំងស្រុងមានប្រមាណជាង ៦.២០០ហិកតា និងដំណាំ​រួម​ផ្សំខូចខាតអស់ជាង ៦០០ហិកតា ផងដែរ។

        ឯកឧត្តម គួច ចំរើន ក៏បានសម្ដែងការសោកស្ដាយជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ដែលបានបំផ្លាញដំណាំរបស់បងប្អូន។ ឆ្លើយតបក្នុងការជួយដោះស្រាយជូនប្រជាពលរដ្ឋយើងរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦នេះ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយសម្តេចបានបញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីឆ្លើយតបនឹងសំណូពរចាំបាច់របស់ប្រជាពលរដ្ឋយើង។ ឆ្លើយតបក្នុងការជួយដោះស្រាយជូនប្រជាពលរដ្ឋ អាជ្ញាធរខេត្តបាននាំស្រូវពូជមកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជនន់ពេលនេះគឺជួយសម្រួលដល់ការលំបាកលើបញ្ហាខ្វះខាតពូជស្រូវដើម្បីស្ដារឡើងវិញចំពោះផ្ទៃដីដែលខូចខាតកន្លងមក នេះជាការរួមចណែកជួយសម្រួលដោះស្រាយជីវភាពរស់នៅរបស់បងប្អូនផងដែរ។

          ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្ទាប់ពីទទួលបានស្រូវពូជហើយ នៅពេលទឹកស្រកត្រូវប្រញាប់ប្រញាល់ធ្វើការសាប ព្រោះ ដកស្ទូង ឱ្យទាន់រដូវកាល ព្រោះដំណាំស្រូវត្រូវការទឹកចិញ្ចឹម ត្រូវខិតខំដាំដំណាំរួមផ្សំផ្សេងៗ និងចិញ្ចឹមសត្វ ដើម្បីលើកម្ពស់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។

            ឯកឧត្តមគួច ចំរើនក៏បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតនិងចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបាន  គ្រប់ៗគ្នា។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋានត្រូវបង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ក្នុងឱកាសពិធីដាក់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌហើយបងប្អូនត្រូវបន្តចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដើម្បីសេចក្តីសុខសាន្តក្នុងមូលដ្ឋាន៕

ដោយ ឆាយ ម៉ុត