ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពអនុប្រធានទីមួយព្រឹទ្ធសភា

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃអង្គា ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នេះ បានដឹកនាំគណៈប្រតិភូជានខ្ពស់នៃរាជរដ្ឋាភិបាល អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសពឯកឧត្ត នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៅគេហដ្ឋានសពស្ថិតនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធន៍ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

   នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញ​ចុះ​ហត្ថ​លេ​​ខាលើសៀវភៅក្រាំងមាសមរណទុក្ខរបស់ឯកឧត្តម នៃ ប៉េណា ដែលមានខ្លឹមសារ​ជាអាទិ៍​ថា​ តាងនាមឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែង នូវសមានទុក្ខដ៏ក្រៀមក្រំបំផុត និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ជាមួយលោកជំទាវ មាឃ ឡាញ់ នៃប៉េណា និងក្រុមគ្រួសារសាច់ញាតិចំពោះមរណភាពរបស់ឯកឧត្ដមនៃ ប៉េណា អនុប្រ​ធាន​ទី១ ​ព្រឹទ្ធសភា ដោយរោគគាពាធ។ មរណភាពរបស់ឯកឧត្ដម នៃ ប៉េណា មិនត្រឹមតែជាការបាត់បង់ស្វាមី បិតា ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌មួយរូប ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបម្រើឧត្ដមប្រយោជន៍ជាតិ និងមាតុភូមិផងដែរ។ ជាថ្មី ម្ដងទៀត ខ្ញុំសូ​​ឧទ្ទិឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្ដម នៃ ប៉េណា ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ដែរថា ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា បានទទួលមរណភាព កាលពីរសៀលថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ​​​១៨ ក្នុងយុន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ៕

ដោយ ជឹម ណារី