ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញបើកកិច្ចប្រជុំពិនិត្យការអភិវឌ្ឍ និងផលប៉ះពាល់បរិស្ថាន ផ្លូវថ្នល់ លូ ក្នុងក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — នាព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យការអភិវឌ្ឍ និងផលប៉ះពាល់បរិស្ថាន ផ្លូវ ថ្នល់ និងប្រព័ន្ធលូ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួម ពីអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនទៀត។


តាមការលើកឡើងពីមន្ត្រីជំនាញ អភិបាលក្រុង បញ្ហាប្រឈមនានាខណៈដែល ខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍន៍យ៉ាងគំហុក មានអគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ និងសំណង់ផ្សេងៗជាច្រើននាពេលបច្ចុប្បន្នមានការកើនឡើងយ៉ាងឆាប់ រហ័សរយៈពេល ២ឆ្នាំចុងក្រោយនេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ការគ្រប់គ្រងប្រកបដោយនិរន្តរភាព ក្នុងការកែសម្រួលទម្រង់ទិស មានដូចជា ការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រឱ្យមាន លក្ខណៈធម្មជាតិ បញ្ហាសំរាម យើងត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាប្រមូល សំរាមចេញពីទីប្រជុំជន ពិសេសត្រូវបំផុសចលនាប្រជាពលរដ្ឋចូលរួមសម្អាតនៅ តាមលំនៅឋាន និងត្រូវមានធុងសំរាមដាក់នៅតាមផ្ទះ ងាយស្រួលក្នុងការប្រមូល ដឹកចេញបានទាន់ពេលវេលា បញ្ហាទឹក ភ្លើងក៏ជា ចំណុចប្រឈមនិងដោះ ស្រាយឱ្យទាន់ ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀតបញ្ហាផ្លូវថ្នល់ និងប្រព័ន្ធលូ ជាចំណុចអាទិភាពសម្រាប់ការ អភិវឌ្ឍទីក្រុងទេសចរណ៍ នាទិសនិរតីផងដែរ។ ចំពោះផ្លាកសញ្ញាត្រូវ មានអក្សរខ្មែរផ្នែកខាងលើ ខាងក្រោមជាអក្សរអង់គ្លេស បន្ទាប់មកអក្សរឈ្មោះហាង ប្រសិនបើម្ចាស់ហាងមិនអនុវត្តន៍តាមការណែនាំ របស់រដ្ឋបាលក្រុង ខេត្ត ត្រូវផ្អាក ឬទម្លាក់ផ្លាកចុះ។


ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់ថា ដើម្បីអភិវឌ្ឍន៍ក្រុងប្រកបដោយចីរភាព ត្រូវមានដូចជា – គោលការណ៍ច្បាប់ , ធនធានមនុស្ស ,និងថវិកា ដូច្នេះយើងត្រូវរៀបចំ គម្រោងស្នើសុំកញ្ចប់ថវិកាពិសេសទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីយកមកកែលម្អ ស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ និងបរិស្ថានឱ្យក្លាយជាទីក្រុងបៃតង និងការលើកកម្ពស់ វិស័យទេសចរណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងកសាងសង្គមប្រកបដោយបរិស្ថានល្អ កាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិនៅពេលខាងមុខ៕

ដោយ ងូ សុមុនី