ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ ម៉ែន សំអន បានសរសើរស្មារតីសហគ្រិនភាពរបស់កម្ពុជា ដែលកំពុងពង្រឹងគុណភាពមិនចាញ់បរទេសឡើយ

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសរសើរនូវស្មារតី និងបន្ដគាំទ្រចំពោះ សហគ្រិនភាពរបស់កម្ពុជាដែលកំពុងមានសន្ទុះកើនឡើង ដោយកំពុងមានគុណភាព មិនចាញ់បរទេសឡើយ។
ការលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកជំទាវឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធហាងកាហ្វេ អ៊ីនថៈនីន ដែលជាម៉ាកកាហ្វេ ដ៏ល្បីល្បាញទទួលបានការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំង ក្នុងចំណោម ប្រជាជនកម្ពុជា ថៃ និងឡាវ នៅក្នុងបុរីប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ចន្ទ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។

លោកឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា ការបើកសហគ្រាសថ្មីនេះ ជាការរួមចំណែកមួយ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច តាមរយៈការបង់ពន្ធ និងបង្កើតការងារ ដល់សិស្ស និងនិស្សិតដែលបាន បញ្ចប់ការសិក្សា ឬកំពុងសិក្សា ក្នុងការរកចំណូល ចិញ្ចឹមជីវិត ឬរកចំណូលបន្ថែមសម្រាប់រៀនសូត្របន្ត។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា តាមរយៈយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ មានចែងច្បាស់ពីការ លើកស្ទួយវិស័យឯកជន រួមទំាងការគំាពារសហគ្រាសធុនតូច និងមធ្យម និងចាត់ទុកជាសសរទ្រូងមួយ នៃការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។
ទន្ទឹមនឹងនេះ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា មានកាលានុវត្តន៍ភាពធ្វើអាជីវកម្ម បានរីកចម្រើនក៏ដោយសារ គោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានលក្ខណៈបើកទូលាយ សេរី មិនមានការរឹតត្បិត ហើយដែលសំខាន់គឺ ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ ប្រកបដោយនីរន្តភាព។ លោកជំទាវបានបញ្ជាក់ផងដែរថា បើប្រទេសជាតិមានសន្តិភាព ប្រជាជនមានឱកាសសិក្សា រៀនសូត្រ បង្កើននូវជំនាញថ្មីៗ ហើយមានឱកាសប្រើប្រាស់ ជំនាញនោះ ក្នុងមុខរបរអាជីកម្មរបស់ខ្លួនផងដែរ ដូច្នេះកត្តាសន្តិភាព គឺជាកត្តាសំខាន់បំផុត ។

បើតាមលោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន RCG Retail (Cambodia) ដែលទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការនាំចូលកាហ្វេម៉ាក អ៊ីនថៈនីន បានថ្លែងថា ការសម្រេចចិត្ត បើកហាងកាហ្វេនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពីបានដឹងយ៉ាង ច្បាស់ពីសក្តានុពល លក្ខណៈពិសេស ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់កាហ្វេនេះ ដែលមានភាពពេញនិយមខ្លាំង នៅក្នុងប្រទេសថៃ។

លោកស្រី បានលើកឡើងផងដែរថា បើនិយាយពីទំនាក់ទំនងរវាងកម្ពុជា និងថៃវិញ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម គឺមានភាពល្អប្រសើរ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ រវាងគ្នានឹងគ្នា ទាំងរាជ រដ្ឋាភិបាល ទាំងវិស័យឯកជន ជាពិសេសទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានការកើនឡើងជាលំដាប់។ ទាំងនេះហើយ ជាកត្តាជំរុញឱ្យយើងសម្រេចចិត្ត បើកហាងកាហ្វេជាបន្តបន្ទាប់នៅកម្ពុជា។ ការវិនិយោគ តាមរយៈការបើកសាខាកាហ្វេ អ៊ីនថៈនីន នៅកម្ពុជា រំពឹងថា នឹងបង្កើតការងារថ្មី សម្រាប់ប្រជាពលរដ្ឋកម្ពុជាមានចំនួនជាង២.០០០ការងារ ហើយចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២ សង្ឃឹមថា នឹងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសថៃ និងកម្ពុជាផងដែរ ៕

ដោយ សួស សំរិត