ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កីឡាករ​ កីឡាការិនីចេញទៅប្រកួតអាស៊ីប៉ារ៉ាហ្គេមនៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១៨

AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ — ក្រុមកីឡាករ កីឡាការិនីពិការកម្ពុជាបានចេញដំណើរហើយ នៅព្រឹកថ្ងៃចន្ទទី០១ ខែតុលា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅចូលរួមប្រកួតកីឡាអាស៊ី ប៉ារ៉ាហ្គេម នៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១៨។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងការលើកទឹកចិត្តដល់ ក្រុមអត្តពលិកពិការកម្ពុជាថា ទោះបីបងប្អូនកីឡាពិការរូបរាង្គកាយក៏ពិតមែន ប៉ុន្តែទឹកចិត្តមិន ពិការឡើយ ហើយក៏មិនឯកោដែរ  ដែលក្នុងឋានៈជាកីឡាតំណាងឱ្យជាតិមួយត្រូវតែប្ដេជ្ញា ចិត្តដណ្ដើមយកមេដាយមក ជូនជាតិឱ្យបាន។

ឯកឧត្តមបញ្ជាក់ថា នេះគឺជាកិត្តិយសដ៏ធំធេង ដែលជនពិការបានធ្វើជាតំណាងឱ្យជាតិមួយ ចេញទៅចូលរួមប្រកួតកីឡាជនពិការទ្វីបអាស៊ី នាពេលនេះ។ ជាមួយគ្នានេះ សម្រាប់ការប្រកួតកម្រិតអាស៊ីផ្នែកជនពិការនេះគឺគណៈកម្មាធិ ការជាតិប៉ារ៉ាអូឡាំពិកកម្ពុជាបានបញ្ជូន៦ប្រភេទកីឡាទៅចូលរួម ដូចជាអត្តពលកម្ម មាន វិញ្ញាសារត់៣នាក់ គឺពិការក្រោមជង្គង់ម្នាក់ និងពិការដៃទាំងពីរ ចំនួន២នាក់។ កីឡាករ​ប្រណាំង រទេះ២នាក់ គឺកីឡាករវ៉ាន់ វ៉ុន លេង៣វិញ្ញាសា គឺចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ និង៤០០ម៉ែត្រ និង កីឡាករ ហេង សាវឿន លេង៣វិញ្ញាសា គឺ២០០ម៉ែត្រ ៤០០ម៉ែត្រ និង៨០០ម៉ែត្រ។ ក្រៅពីនេះ ក៏មានប្រភេទកីឡាហែលទឹកមាន៤នាក់ បាញ់ធ្នូមាន៤នាក់ កីឡាការិនីប៊ូល​លីង ចំនួន២នាក់ បាល់បោះ រទេះ១២នាក់ និងវាយកូនឃ្លីលើតុចំនួន២នាក់៕

ដោយ ហេង ណាលីន