ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្ដកំពង់ចាម ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពទាំងអស់ បន្ត ការបម្រើសេវាសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់

AKP កំពង់ចា​ម ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានជំរុញឱ្យអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងបណ្តាមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្ត បន្តជំរុញការផ្ដល់សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព មានតម្លាភាព និង​គណនេយ្យភាព ដើម្បីឆ្លើយតបជាក់ស្តែងទៅនឹង​តម្រូវការ​របស់ប្រជាពលរដ្ឋក៏ដូចការចូលរួមប្រឡងប្រណាំងចលនានៅក្នុងខេត្ដផងដែរ។

ក្នុងកិច្ចប្រជុំការងារនា ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ​ជាកិច្ចការសំខាន់ និងការឆ្លើយតបនឹងជាទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងអណត្តិទី៦។ ឯកឧត្តមបានបន្ដថា ការផ្ដល់សេវាសាធារណៈគ្រប់ផ្នែក គ្រប់ថ្នាក់របស់ អាជ្ញាធរគឺទទួលបានលទ្ធផលល្អ។ ប៉ុន្ដែបញ្ហាដែលកំពុងតែកើនមាននោះគឺសេវាសាធារណៈ លើវិស័យអប់រំកំពុងតែទទួលភាពមិនប្រក្រតីកើតឡើងដោយមានការមិនពេញចិត្តពីសំណាក់លោកគ្រូ អ្នកគ្រូដែលជាអ្នកបណ្ដុះបណ្ដាលនូវធនធានមនុស្ស។

ឯកឧត្តមអភិបាលខេត្ដបាន លើកឡើងថា បាតុភាពនៃការផ្ដល់សេវាលើវិស័យអប់រំបានក្លាយជាឬសគល់ នៃអំពើពុក រលួយធ្វើឱ្យលោកគ្រូ អ្នកគ្រូការបាត់ទឹកចិត្តបាត់បង់ការគាំទ្រដល់ការដឹកនាំរាជរដ្ឋាភិបាល ផងដែរ។ ឯកឧត្តមបានបន្ថែមថា បាតុភាពអសកម្មនៃសេវាសាធារណៈលើវិស័យអប់រំនេះ​ដែលត្រូវលប់បំបាត់នោះមានដូចជាករណី ការជ្រើសរើសគ្រូបង្រៀនតាមសាលាដែលមានពីរ ពេលក្នុងមួយថ្ងៃ ករណីជ្រើសរើសគ្រូបង្រៀនក្នុងក្របខ័ណ្ឌកិច្ចសន្យា ករណីមានការផ្លាស់ប្ដូរ គ្រូបង្រៀនពីកន្លែងមួយទៅកន្លែងមួយ ពិសេសកន្លែងមិនល្អមកកន្លែងល្អ និងករណីគ្រូ ត្រូវចូលរួមបណ្ដុះបណ្ដាលបន្ថែម និងគ្រូត្រូវទៅការបណ្ដុះបណ្ដាលថ្នាក់កម្រិតមូលដ្ឋានជា ដើម ដែលបញ្ហាទាំងអស់នេះ ត្រូវបានចំណាយថវិកាទើបទទួលបាននៅសិទ្ធិដែលខ្លួន ចង់​បាន។ឯកឧត្តមបានអះអាងថា បញ្ហាដែលកើតឡើងទាំងអស់នេះហើយគឺបានធ្វើឱ្យលោកគ្រូ អ្នកគ្រូទាំងនោះមានថ្នាំងថ្នាក់ទៅនឹងការដឹកនាំក្រសួងក៏ដូចជារាជរដ្ឋាភិបាលនោះ។

ឯកឧត្តមអភិបាលខេត្ដបន្ថែមទៀតថា ដើម្បីប្រសិទ្ធភាពការងារផ្នែកវិស័យអប់រំក្នុងខេត្ត ឯកឧត្តមបានស្នើឱ្យប្រធានមន្ទីរអប់រំខេត្ត និងមន្រ្ដីគ្រប់ជាន់ថ្នាក់ពាក់ព័ន្ធនឹង​ការងារអប់រំ​ត្រូវ​លុបបំបាត់ទាំងស្រុងនូវចំណុចអសកម្មទាំង៤ចំណុចនេះឱ្យបានទាំងស្រុង ចាប់ពីឆ្នាំនេះ តទៅឆ្លើយតប និងការកំណែទម្រង់លើវិស័យអប់រំជាវិស័យបណ្ដុះបណ្ដាលនូវធនធាន មនុស្ស និងបង្កើនជំនឿជឿជាក់ពីសំណាក់លោគ្រូ អ្នកគ្រូលើការដឹកនាំរាជរដ្ឋាភិបាលក្នុងអាណត្តិទី៦ ដែលមានសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ទន្ទឹមនេះ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋានបន្តការផ្សព្វផ្សាយការផ្ដល់សេវាសាធារណៈ ឱ្យបានល្អ និង ចូលរួមប្រឡងប្រណាំងនិងចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដោយចូល រួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេស​ក្នុងរដូវដាក់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌនេះ៕

ដោយ ឆាយ ម៉ុត