ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រាសាទសំបូរព្រៃគុកទទួលភ្ញៀវទេសចរមកទស្សនាកម្សាន្តចំនួន២៨៧.២៧៩នាក់

AKP កំពង់ធំ ថ្ងៃទី០១​ ខែតុលា ឆ្នាំ២០១៨ — លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំមានប្រសាសន៍ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ថា ក្នុង រយៈពេល៩ខែឆ្នាំ២០១៨ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុកទទួល ភ្ញៀវទេសចរមកទស្សនាកម្សាន្តចំនួន២៨៧.២៧៩នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២៧០៧៩៦នាក់ និងភ្ញៀវអន្តរជាតិចំនួន១៦៤៨៣នាក់។

លោក សេង អាន បញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព មានការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនមានការរីកចម្រើនដែលធ្វើឱ្យពួកគាត់មានលទ្ធភាពក្នុងការដើរកម្សាន្ត ម្យ៉ាងទៀតដោយតំបន់ ប្រាសាទសំបូរ ព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ និងដោយមានការផ្សព្វផ្សាយនិងរៀបចំកម្មវិធី កម្សាន្តផ្សេងៗ នៅទីនោះដូចជាការរៀបចំសង្ក្រាន្តថ្មីសំបូរព្រៃគុកក្នុងឱបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះដែលមានភ្ញៀវទេសចរមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ។

ប្រាសាទសំបូរព្រៃគុកស្ថិតនៅភូមិសំបូរឃុំសំបូរ ស្រុកប្រាសាទសំបូរចម្ងាយ ប្រមាណ៣០គ.មភាគឦសានទីរួមខេត្តកំពង់ធំដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦២បត់ស្ដាំត្រង់ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ។ លោកសេង អាន បានឱ្យដឹងទៀតថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះដែរនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំដូចជានៅរមណីយដ្ឋានវប្បធម៌និងធម្មជាតិភ្នំសន្ទុក រមណីយដ្ឋានកែឆ្នៃស្ទឹងជីនិត រមណីយដ្ឋាន បឹងសំរឹទ្ធ រមណីយដ្ឋានប្រាសាទគុកនគរ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកមាន ទេសចរមកទស្សនាកម្សាន្តសរុបចំនួន៣៥១០៣៩នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៣៣២៩៣៧នាក់បើប្រៀបធៀបនិងរយៈពេលដូចគ្នានិងឆ្នាំ២០១៧មានការថយចុះ៣១,៦៨ភាគរយ ភ្ញៀវអន្តរជាតិចំនួន១១៨១០២នាក់មានការកើនឡើង៤១,៤៨ភាគរយ។
លោក សេង អាន បញ្ជាក់ថា ក្រោយដាក់តំបន់ប្រាសាទសំបូរព្រៃក្នុងបញ្ជី បេតិកភណ្ឌពិភពលោកភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនានៅរមណីដ្ឋាននានា ក្នុងខេត្តកំពង់ធំ មានការកើនឡើងនិងម្យ៉ាងទៀតដោយយើងមានហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ល្អនិងផលិតផលទេសចរណ៍មានថ្មីរហូត៕

ដោយ ស៊ុម វណ្ណា