ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កីឡាករបាល់ទាត់យុវជនចំនួន២០រូបនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរ ទស្សនកិច្ចទៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០២ ដល់ទី១០ ខែតុលានេះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ –តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន និងកិច្ចសហការជាមួយសហព័ន្ធកីឡា បាល់ទាត់កម្ពុជា(FFC) កីឡាករបាល់ទាត់យុវជនចំនួន២០រូបនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា  រួមទាំងមន្រ្តីនៃFFC ចំនួន០៥រូប ដែលមានលោក Musashi MIZUSHIMA ជាគ្រូបង្វឹកជប៉ុនរបស់ក្រុមជម្រើសជាតិផងនោះ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃ ទី០២ ដល់ទី១០ ខែតុលា ឆ្នាំ២០១៨ ក្រោមកម្មវិធីផ្លាស់ប្តូរបណ្តាញសិស្ស និស្សិត​និងយុវជន រវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS2018 នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា កីឡាករកម្ពុជា នឹងផ្លាស់ប្តូរការប្រកួតជាមួយ កីឡាករមកពីបណ្តាប្រទេសមេគង្គ (ក្នុងនោះរួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) នៅខេត្តហ្វូគូស៊ីម៉ា ប្រទេសជប៉ុនជាមួយគ្នានេះ អ្នកតំណាងនៃកីឡាករទាំងអស់ ក៏នឹងមាន ឱកាសទៅចូលរួមសម្តែងការគួរសមនៅក្នុងសន្និសីទកំពូលមេគង្គជប៉ុនលើកទី១០។

សូមបញ្ជាក់ថា កម្មវិធីJENESYS មានគោលបំណងជំរុញការយល់ដឹង និងការកសាង ទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម  និងដើម្បី កសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​ រហូតមក​ដល់ពេលបច្ចុប្បន្ននេះ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជន កម្ពុជាចំនួនជាង២.០០០នាក់ហើយតាំងពីឆ្នាំ២០០៧មក។

ទន្ទឹមនេះ ស្ថានទូតជប៉ុនសង្ឃឹមថាអ្នកចូលរួម​នឹងអាចយល់ដឹងអំពីប្រទេសជប៉ុន កាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឱ្យបានទូលំទូលាយ ទៅកាន់ប្រជាជន កម្ពុជា បន្ទាប់ពីវិលត្រលប់មកកាន់មាតុប្រទេស​​វិញ៕

ដោយ អ៊ុន រិទ្ធី