ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមឧទ្ទាមដែលតួកគីគាំទ្រចាប់ផ្តើមដកចេញពី តំបន់គ្មានយោធាក្នុងប្រទេសស៊ីរីខាងជើង

AKP ភ្នំពេញ ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨ — អ្នកត្រួតពិនិត្យមើលសង្គ្រាមម្នាក់រាយការណ៍ពីថ្ងៃអាទិត្យនេះថា ក្រុមឧទ្ទាមដែលប្រទេសតួកគីគាំទ្រមួយបានចាប់ផ្តើមដកឧបករណ៍យោធាចេញពីតំបន់គ្មានយោធា ដែលគេបានគ្រោងទុកនៅក្នុងប្រទេសស៊ីរីភាគខាងជើង ។

កន្លែងសង្កេតមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា Failaq al-Sham ក្រុមឧទ្ទាមមួយដែលមានពួកយុទ្ធជនប្រហែល ១០.០០០នាក់ បានចាប់ផ្តើមដកម៉ាស៊ីនយោធាធុនធ្ងន់ចេញពីតំបន់នៅក្នុងទីជនបទភាគខាងត្បូង នៃខេត្តអាឡេប៉ូ ក្នុងប្រទេសស៊ីរីភាគខាងជើងនឹងទីជនបទភាគខាងលិចរបស់អាឡេប៉ូ ។

ក្រុមសង្កេតមើលនេះបាននិយាយថា ការដកចេញជាដំបូងបានធ្វើឡើងដោយក្រុមនេះ ដើម្បីបំពេញចិត្តភាគីតួកគី ដែលជាមួយពួករុស្ស៊ីបានព្រមព្រៀងគ្នាបង្កើតតំបន់គ្មានយោធាមួយនៅត្រឹមថ្ងៃទី១៥ ខែតុលារវាងកងកម្លាំងស៊ីរី និងក្រុមឧទ្ទាម ។
តំបន់គ្មានយោធានេះ គេបានគ្រោងបង្កើតឡើងនៅក្នុងតំបន់ចន្លោះអាឡេប៉ូ,ទីជនបទភាគឦសាន នៃខេត្ត Latakia ហើយនឹងខេត្តអ៊ីដលីបភាគពាយ័ព្យ ។

កន្លែងសង្កេតមើលនោះបាននិយាយថា មានតែក្រុម Failaq al-Sham ប៉ុណ្ណោះដែលគេគិតថា ជាក្រុមឧទ្ទាមដ៏ខ្លាំងបំផុតទី៣ នៅក្នុងប្រទេសស៊ីរីភាគខាងជើង បានផ្តើមគំនិតចាប់ផ្តើមដកចេញពីទីជនបទ អាឡេប៉ូ ។ នៅពេលជាមួយគ្នានោះដែរអ្នកសង្កើតមើលសង្គ្រាមនោះបាននិយាយថា ក្រុមឧទ្ទាមចំនួនបីដែល មានពួកយុទ្ធជន៦០០០នាក់បានបដិសេធផែនការបង្កើតតំបន់គ្មានយោធាមួយ ក្នុងប្រទេសស៊ីរីភាគខាង ជើង។ ក្រុមខ្លាំងបំផុតរបស់ Hayat Tahrir al-Sham ដែលគេស្គាល់ថា រណសិរ្យនូស្រា ដែលមានទំនាក់ទំនងនឹងពួកអាល់-កៃដានោះមិនទាន់បានផ្តល់ឱ្យនូវជំហរមួយអំពីតំបន់គ្មានយោធានេះនៅឡើយទេ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)