ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងចាកចេញពីកិច្ចប្រជុំនៅ អ.ស.ប ដោយមិនមានកិច្ចចរចាជាមួយសមភាគីកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង​ គីយ៉ុង-វ៉ា បានចេញដំណើរពីទីក្រុង​ញ៉ូវយ៉ក​​កាលពីថ្ងៃសៅរ៍ បន្ទាប់ពីចូលរួមមហាសន្និបាទ អ.ស.ប លើកទី៧៣ ដោយមិនបានធ្វើ​កិច្ចចរចាជាមូយសមភាគីកូរ៉េខាងជើងរបស់លោកស្រីនោះទេ។

លោកស្រី កាង បានធ្វើកិច្ចចរចាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ិក ពុំពីអូ​ និងពួកមន្រ្តីការទូតកំពូលៗ​មកពីបណ្តាប្រទេសនានាផ្សេងទៀត​ ក្នុងអំឡុងពេលលោកស្រី​ស្នាក់​នៅទីនោះ។ ប៉ុន្តែ លោក រី យ៉ុង-ហូ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង បានបដិសេធ​សំណើរ​​របស់​លោកស្រី កាង កាលពីពេលមុននេះ សម្រាប់កិច្ចប្រជុំមួយនៅទីក្រុងញ៉ូវយ៉ក។

ប្រភពនានារបស់រដ្ឋាភិបាលកូរ៉េខាងត្បូង​បាននិយាយថា លោកស្រី កាង​ ដែលបានអម​ដំណើរដំណើរប្រធានាធិបតីលោក មូន ចា-អ៊ីន​ ទៅកាន់កិច្ចប្រជុំកំពូលអន្តរកូរ៉េ នៅក្នុងទីក្រុង​ព្យុងយ៉ាង កាលពីដើមខែនេះនោះ​ បាននិយាយទៅកាន់លោក រី អំពីដំណើរទស្សនកិច្ចនោះ ហើយបានស្នើពួកគេឱ្យមានកិច្ចប្រជុំមួយ ក្នុងអំឡុងពេលមហាសន្និបាទ អ.ស.ប នោះ។

ប្រភពបាននិយាយទៀតថា កូរ៉េខាងជើង​អាចនឹងស្ទាក់ស្ទើរទៅនឹងកិច្ចពិភាក្សាគ្នាពីការ​ធ្វើមិនឱ្យមាននុយក្លេអ៊ែរ នៅក្នុងថ្នាក់រដ្ឋមន្រ្តីការបរទេសនោះ បើទោះបីជាលោក មូន និង​មេដឹក​នាំកូរ៉េខាងជើង លោក មូន ចា-អ៊ីន ត្រូវបានពិភាក្សាគ្នាពីប្រធានបទនេះ នៅក្នុងកិច្ចប្រជុំ​កំពូលចំនួនបីលើកមកហើយនៅក្នុងឆ្នាំ២០១៨នេះ។

លោកស្រី កាង ​បានធ្លាប់ខកខានផងដែរ ចំពោះគម្រោងនៃកិច្ចប្រជុំមួយជាមួយលោក រី ក្នុងអំឡុងពេល វេទិកាតំបន់អាស៊ាន​(ARF) កាលពីខែ សីហា នៅក្នុងប្រទេសសិង្ហបូរី។ បន្ទាប់ពីការវិលត្រឡប់ទៅដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ លោកស្រី កាង ​បាន​និយាយថា លោកស្រី​នៅតែមានជំហជាវិជ្ជមាន អំពីចំពោះមុខដែលថា លោក រី បានជួបប្រជុំ​ជាមួយ​សមភាគី អាមេរិក របស់លោកដែរ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )