ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងបរិស្ថាន៖ កម្ពុជាតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរ សត្វព្រៃខុសច្បាប់

AKPភ្នំពេញថ្ងៃទី ០១ខែ តុលា ឆ្នាំ២០១៨ –រដ្ឋមន្រ្ដីក្រសួងបរិស្ថានបានប្រកាសថា កម្ពុជាបានតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹង ការជួញដូរសត្វព្រៃខុសច្បាប់ នេះបើយោងតាមការផ្សាយរបស់ក្រសួងបរិស្ថាន។

ថ្លែងនៅក្នុងកម្មវិធីលើកតម្កើងឥរិយាបថនៃការចូលរួមប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ នៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតអង់ គ្លេសប្រចាំនៅកម្ពុជាឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថានបានមានប្រសាសន៍ថាកម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិគឺត្រៀមខ្លួនក្នុងការសហការជាលក្ខណៈ អន្តរជាតិជាមួយប្រទេសទាំងអស់ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជា ប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបាននិងកំពុងចូល រួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បាន សហការក្នុងនាមជាដៃគូអន្តរជាតិជាមួយប្រទេសអង់គ្លេសក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាប ការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។

នៅក្នុងឱកាសនោះដែរ ក៏មានការរៀបចំជាខ្សែវីដេអូអប់រំដែលនិយាយ ពីការប្រឆាំង នឹងការជូញដូរសត្វព្រៃខុសច្បាប់ និងការអភិរក្សជីវៈចម្រុះត្រូវបានចាក់បញ្ចាំង ពាក់ព័ន្ធនឹង ខ្សែវីដេអូនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះការ ផលិតខ្សែវីដេអូ អប់រំនេះ ដែលវានឹងចូលរួមក្នុងការកែប្រែឥរិយាបថពលរដ្ឋមួយចំនួនឱ្យស្រឡាញ់ ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត និងចូលរួមអភក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ ទៅមុខទៀត។

ឯកឧត្តមបានអះអាងថា ក្រសួងបរិស្ថានមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការ ជួញដូរសត្វព្រៃខុសច្បាប់ ហើយបានលើកឡើងថាគ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បី លុបបំបាត់ការជួញដូរខុសច្បាប់នេះ។ ទន្ទឹមនេះ កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តន៍ជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូសត្វព្រៃខុសច្បាប់នេះ ហើយ បានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម ៕

ដោយ ពេជ្រ ណារិទ្ធ