ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រីជួបសំណេះសំ​ណាល​បងប្អូនព​លរដ្ឋខ្មែរ​-អាមេរិកាំងប្រមាណជា២.០០០នាក់ នៅទីក្រុងញូវយ៉ក

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ –​ក្នុងខណៈដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម មហាសន្និបាត អង្គការ សហប្រជាជាតិលើទី ៧៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច​អគ្គ​ម​ហា​សេនាបតីតេជោ ហ៊ុន សែន បានឆ្លៀតឱកាស ពីពេលវេលាដ៏មមាញឹក ​អញ្ជើញ​ជួប​សំណេះសំ​ណាល​សួរសុ​ខទុក្ខ​បងប្អូនព​លរដ្ឋខ្មែរ​-អាមេរិកាំង​រស់​នៅក្នុ​ងស​ហរដ្ឋ​អាមេរិក​ និង​បងប្អូ​នខ្មែរដែលម​កពីប្រទេ​សកាណា​ដា ប្រមាណ ជា២.០០០នាក់ នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ ​(ម៉ោងនៅសហរដ្ឋអាមេរិក)។​

យោងតាមការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងពិធីសំ​ណេះ​សំ​ណា​លនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបង្ហាញនូវក្តីរីករាយ​ចំពោះវត្តមាន​បងប្អូន​ពលរដ្ឋ​ខ្មែរ អាម៉េ​រិក និងកាណាដាទាំងអស់ ដែលបាន អញ្ជើញចូលរួមនាពេលនេះ ហើយនេះ​គឺ​ជា​ការ​បង្ហាញនូវការគាំទ្រចំពោះដំណើរមកកាន់ទឹកដី សហរដ្ឋមេរិក របស់ សម្តេចនាពេលនេះ។ សម្ដេ​ច​តេជោ បានមានប្រសាសន៍សម្ដែងនូវការអបអរសាទរ និងមោទនភាព​ ចំពោះប្រទេស​ក​ម្ពុ​ជា​​​ដែលទទួលបាននូវសុខសន្តិភាពពេញលេញ និងអរគុណដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់​ដែល​បានចូលរួម ថែរក្សា សន្តិភាពតាមរយៈការបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា​ និ​ង​​អរគុណដល់បងប្អូនប្រជាពលរដ្ឋ នៅសហរដ្ឋ អាមេរិក និងកាណាដា ដែលតែងតែចូលរួម​គាំ​ទ្រ​​ចំពោះ​ការដឹកនាំរបស់សម្ដេចនាពេលកន្លងមក។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ​សា​ស​​ន៍​លើកឡើងថា កន្លងមកក្រុមប្រឆាំងតែងតែកេងចំណេញខាងនយោបាយ តាមរយៈ​ការ​វា​យ​​ប្រហារលើរាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធតម្លៃកសិផល ដោយពេលទៅជួបអាជីវករ ស​ន្យា​​បញ្ចុះតម្លៃកសិផល តែពេលជួបកសិករ សន្យាដំឡើងថ្លៃកសិផលទៅវិញ។ ស​ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែង ទៀតថា ក្រុមប្រឆាំងតែងតែដើរបោកប្រាស់ យក​លុយ​របស់ប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស តាមរយៈការសន្យា ផ្ដល់តំណែង ពេល​ឈ្នះ​ឆ្នោត​ ប៉ុន្តែនេះជាការភូតភរកុហកសុទ្ធសាធ។

ស្របពេលដែលរាជរដ្ឋាភិបាលដាក់ចេញ នូវ​គោ​​​ល​​នយោបាយ ប្រមូលពន្ធឱ្យបានកាន់តែច្រើននោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ បានប្រកាសបញ្ជាក់ជាថ្មីម្ដងទៀតថា ដរាបណាសម្ដេចនៅបន្តកាន់តំណែង ជានាយករដ្ឋមន្រ្តី នឹង​មិនយកពន្ធលើដីធ្លី និងស្រែចម្ការ ដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផលជាដាច់ខាត ហើ​យ​ សម្ដេច​ក៏បានមាន ប្រសាសន៍អំពីគោលនយោបាយថ្មីៗដែលសម្តេច​បានលើកឡើង​ជាពិ​សេ​​សសម្តេចបានអនុវត្តន៍ មុនគេគឺគោល នយោបាយគាំពារសង្គម ដែលថ្មីៗនេះបានចាប់ផ្ដើម​អ​នុ​វត្ត​ន៍ចំពោះស្រ្តីមានផ្ទៃពោះ គឺស្ត្រីកម្មការិនី មានផ្ទៃពោះ ពេលសម្រាលកូនត្រូវទទួលបាន​ថវិ​កា​ពី​​រដ្ឋចំនួន ៤០ ម៉ឺនរៀល ហើយក្នុងនោះក៏បានអនុវត្តន៍ ចំពោះស្ត្រី ដែល ជាមន្ត្រីរាជការផងដែរ។ លើ​សពីនេះសម្ដេចក៏បានជំរុញឱ្យក្រសួងសុខាភិបាលធ្វើការតាម ដានពិនិត្យមើល ឱ្យបានដិត​ដ​ល់ចំពោះការអនុវត្តគោលនយោបាយគាំពារសង្គមនេះ ធ្វើយ៉ាងណាឱ្យការរស់នៅរបស់​បង​ប្អូ​ន​ប្រជាពលរដ្ឋកាន់ តែមានភាពងាយស្រួល។ ទាក់ទងនឹងស្ថានភាពគ្រោះធម្មជាតិនៅកម្ពុជា ស​ម្តេ​ច​បានមាន ប្រសាសន៍ថា ក្រោយពីការ ទឹកជំនន់បានស្រកចុះ រាជរដ្ឋាភិបាលកំពុងយក​ចិ​ត្ត​ទុកដាក់ទៅលើការស្ដារហេដ្ឋារចនា សម្ព័ន្ធឡើងវិញ ដូចជាផ្លូវជាតិ ផ្លូវលំ ។ល។ ដើម្បីបង្ក​លក្ខ​ណៈងាយស្រួលឱ្យកាន់តែល្អប្រសើរក្នុងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ ជាងនេះទៀ​ត​ ក្រោយទទួលបានការ ព្យាករណ៍កម្ពស់ទឹកទន្លេ ពីក្រសួងធនធានទឹក និងឧតុនិយម សម្ដេ​ច​តេ​ជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពស់ទឹកទន្លេឆ្នាំនេះ អាចមានកម្ពស់ជាង៦ម៉ែត្រ ដែល​កម្រិ​ត​នេះសមល្មម សម្រាប់រៀបចំពិធីបុណ្យអុំទូក ដែលគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី ២១-២២-២​៣​​ ខែវិច្ឆិកា ខាងមុខ។ ឆ្លើយតបចំពោះការលើកឡើងថា កម្ពុជាបាត់ បង់ព្រៃឈើ ជាបន្ត​បន្ទា​ប់​នោះ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានទទួល ស្គាល់ថា ពិតជាមានចោរលួចកាប់ព្រៃឈើ តែ​ដីព្រៃឈើ ដែលបាត់បង់នោះ ត្រូវបានជំនួសមកវិញ ដោយចម្ការកៅស៊ូ និងដំណាំផ្សេងៗ​ទៀ​ត​​។

សម្ដេចតេជោក៏បានបញ្ជាក់ថាផងដែរថា សម្ដេចស្អប់ខ្លាំងណាស់ ចំពោះក្រុមចោរលួច​កា​ប់​​ព្រៃឈើ ហើយសម្ដេច ក៏បានបញ្ជាឱ្យមាន ការតាមដាន និងព្រមានចាប់ក្រុមចោរទាំងនោះ​ផង​ដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែង ទៅកាន់ពលរដ្ឋខ្មែរនៅអាម៉េរិកផងដែរថា ការ​ដែល​សម្ដេច​តវ៉ារឿងអាម៉េរិកបញ្ជូនពលរដ្ឋខ្មែរ អាម៉េរិកប្រព្រឹត្តទោស មកកម្ពុជាវិញនោះ ព្រោះ​មិនចង់ឃើញការព្រាត់ប្រាស់របស់ពលរដ្ឋខ្មែរ ព្រោះវាជាក្តីឈឺចាប់មួយ ដែលសម្ដេច​ធ្លាប់ឆ្លង​កាត់​រួចហើយនូវការព្រាត់ប្រាស់នេះ។ សម្ដេចតេជោបានគូសបញ្ជាក់ថា នៅពេលប្រជាពល​រដ្ឋ​ខ្មែរ​អាម៉េរិក បាន ប្រព្រឹត្តអំពើខុសច្បាប់ហើយត្រូវជាប់ពន្ធនាគារនោះ បងប្អូន និងក្រុមគ្រួសារ​របស់​ពលរដ្ឋនោះអាចចូល ទៅសួរសុខ ទុក្ខបាន ប៉ុន្ដែនៅពេលអនុវត្តន៍ទោសចប់សព្វគ្រប់ ហើយ​ត្រូវ​បញ្ជូនមកប្រទេសកម្ពុជាវិញនោះ គឺមានតែការព្រាត់ ប្រាស់ប៉ុណ្ណោះ។

​គួរបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងនិវត្តន៏មកកាន់មាតុភូមិវិញ នា​រ​សៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨៕

 

ដោយ​ ជឹម ណារី