ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការមិនឱ្យមានរថយន្តធំៗ ចេញ-ចូលរាជធានីភ្នំពេញ ពេល ថ្ងៃដាជាច់ខាត និងការលុបបំបាត់ប័ណ្ណអនុញ្ញាតចេញ-ចូលA, B និងC

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យអាជ្ញាធរខណ្ឌ សង្កាត់ សហការគ្នា ត្រូវហាមឃាត ចាត់វិធានការមិនឱ្យរថយន្តធំៗ ចេញ-ចូលរាជធានីភ្នំពេញ នៅ ពេលថ្ងៃជាដាច់ខាតរួមនឹងការលុបបំបាត់មិនឱ្យមានប័ណ្ណអនុញ្ញាតចេញ-ចូលរាជធានីប្រភេទ A, B និងCទៀតទេ។

ការលើកឡើងបែបនេះក្នុងពិធីសំណេះសំណាល ជាមួយមន្ដ្រីរាជការ ចំណុះសាលាខណ្ឌចំការមន និងសង្កាត់ កាលពីរសៀលថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច​សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ចាប់ពីពេលនេះតទៅ ឡានធំ ចេញ-ចូលរាជ ធានីភ្នំពេញពេលថ្ងៃ មិនអនុញ្ញាតឱ្យមានដាច់ខាត ហើយក៏លែងឱ្យមានការកំណត់ម៉ោងនេះ ម៉ោងនោះចេញ ចូលក្រុងដូចមុនទៀតដែរ ដូចជាប័ណ្ណអនុញ្ញាតចេញ-ចូលA, BនិងC ជាដើម។ ឯកឧត្ដមបញ្ជាក់ថា កន្លងមកនេះ រថយន្តចេញចូលរាជធានីភ្នំពេញបានតាមចិត្ត អោយតែមានប័ណ្ណអនុញ្ញាតិចេញ-ចូលក្រុងប្រភេទA BនិងCនេះ បង្កឱ្យមានគ្រោះ ថ្នាក់ និងកកស្ទះចរាចរ នៅក្នុងរាជធានីភ្នំពេញយ៉ាងខ្លាំង។ ឯកឧត្តមបានបន្ដថា បញ្ហាប័ណ្ណ អនុញ្ញាតចេញ-ចូលក្រុងប្រភេទA, BនិងCនេះ គេអាចកូពីបានយ៉ាងស្រួល ដោយគ្មាន​សមត្ថកិច្ចណាយកមកពិនិត្យថា ពិត ឬមិនពិតនោះ។ ដូច្នេះចាប់ពីពេលនេះតទៅឡានធំ ចេញ-ចូលរាជធានីភ្នំពេញពេលថ្ងៃ មិនអនុញ្ញាតឱ្យមានដាច់ខាត តែអាចចេញ-ចូលក្រុង​បានចាប់ពីម៉ោង ៨ទៅ ម៉ោង៩យប់។ ឯកឧត្តមអភិបាលបានអះអាងថា សម្រាប់ ផ្លូវបី មិនអោយរថយន្តធំឆ្លងកាត់ដាច់ខាត នោះ គឺផ្លូវ ព្រះមុនីវង្ស ផ្លូវព្រះស៊ីសុវត្តិ និងមហាវិថី​ព្រះនរោត្តម ។

ក្រៅពីការលើកឡើងបញ្ហារថយន្ដខាងលើ ឯកឧត្ដមក៏បានណែនាំដល់ចៅសង្កាត់ មេភូមិ ត្រូវធ្វើការងារបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដូច្នេះត្រូវរួមគ្នាប្រឹងប្រែងធ្វើ ដើម្បីឱ្យប្រពលរដ្ឋ ពេញចិត្ត។ ទន្ទឹមនេះ បើក្រុមហ៊ុនធ្វើមិនត្រូវតាមច្បាប់ ខុសបច្ចេកទេស អាជ្ញាធរខណ្ឌ​ឃាត់ភ្លាម ក្រុមហ៊ុននរណាក៏ដោយ សំខាន់កុំឱ្យទៅឃាត់គេ ដើម្បីយកលុយនោះទើបខុស ។​ហើយមន្ត្រីទាំងអស់ត្រូវមើលច្បាប់សំណង់ឡើងវិញ។ ដោយឡែកចំពោះបញ្ហាលូ ផ្លូវ ខូចគ្មាន​នរណាច្បាស់ជាងលោក មេភូមិ ចៅសង្កាត់នោះទេ ដូច្នេះ បើមានបញ្ហាខូចឬ ត្រូវជួសជុលយ៉ាងណានោះ ត្រូវរាយការណ៍មកខណ្ឌ ដើម្បីដោះស្រាយ សំដៅធ្វើយ៉ាងណា​បម្រើការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា នៅក្នុងខណ្ឌចំការមន គឺមានសង្កាត់មួយ សង្កាត់ទន្លេបាសាក់ ចំពោះការរៀបចំសណ្តាប់ធ្នាប់ នៅមិនទាន់ល្អនូវឡើយទេ ពិសេសការចតមិនមានសណ្តាប់ធ្នាប់ ប៉ះពាល់ដល់សោភណភាព ទីក្រុង និងធ្វើឱ្យមានការកកស្ទះចរាចរណ៍។ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសណ្ដាប់ធ្នាប់នៅក្នុងសង្កាត់នេះឱ្យល្អប្រសើរឡើងវិញ។

តែទោះបីយ៉ាងក៏ដោយ ឯកឧត្ដម ឃួង ស្រេង ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាល ខណ្ឌចំការមន រួមទាំងកម្លាំងមានសមត្ថកិច្ចទាំងអស់ផងដែរ ដោយកន្លងមកនេះ បានយក អស់​កម្លាំងកាយចិត្តក្នុងកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនប្រជាពល លើសេវារដ្ឋបាលបានល្អប្រសើរ រហូតទទួលបានស្នាដៃជាច្រើន ៕

ដោយ សួស សំរិត