ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលខេត្ដព្រះសីហនុ ជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តបេក្ខជននិទ្ទេសA និងB ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ និទ្ទេស A និង B ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត កាលពីព្រឹកថ្ងៃសៅរ៍ ៥រោជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ មានប្រសាសន៍កោត សរសើរលោកគ្រូ អ្នកគ្រូ ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សនៅខេត្តព្រះសីហនុ ដែលក្មួយទទួលបានលទ្ធផលល្អ។ ឯកឧត្តមបានបន្ដថា នេះគឺជាការយកចិត្តទុកដាក់ពីរដ្ឋ បាលខេត្ត ក្នុងការជួយបំប៉នដល់សិស្សានុសិស្ស ដើម្បីកសាងនូវធនធានមនុស្ស ធ្វើឱ្យ ភាគរយនៃកំណើនសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តព្រះសីហនុ មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបានបន្ដទៀតថា ក្មួយៗជាទំពាំងស្នងឫស្សី ជាជនបង្គោល ដើម្បីឆ្លើយតបសងគុណមាតា បីតា លោកគ្រូ អ្នកគ្រូ ក្មួយៗនឹងក្លាយជា អ្នកដឹកនាំក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជននាពេលខាងមុខ ។ ឯកឧត្តមអភិបាលខេត្ដ បាន​បន្ថែមថា ការរៀនសូត្រទាមទារនូវសមត្ថភាព ក៏ប៉ុន្តែឥរិយាបថ ក៏ជារឿងមួយសំខាន់ សម្រាប់ក្មួយៗក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសការឧស្សាហ៍ ព្យាយាមនាំមកនូវលទ្ធផលនាថ្ងៃនេះ ព្រមទាំងផ្ដាំផ្ញើឱ្យប្អូនៗខិតខំរៀនសូត្របន្តនៅថ្នាក់ ឧត្តមសិក្សាបន្តទៀត ប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ ដើម្បីក្លាយខ្លួនជាកូនល្អ ពលរដ្ជល្អ ។


បើតាមការបញ្ជាក់ពី លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ដ ព្រះសីហនុ បានឱ្យដឹងថា បេក្ខជនជ័យលាភីនិទ្ទេស A និង B សម័យប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ គឺមានសិស្សនិទ្ទេស A ចំនួន ៣នាក់ និងនិទ្ទេស B ចំនួន៣៧នាក់។ ជាមួយគ្នានេះ ខេត្តព្រះសីហនុ មានបេក្ខ ជនជនប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ក្នុងនោះឆ្នាំ២០១៥ មានចំនួន ២នាក់ ឆ្នាំ២០១៦ មាននិទ្ទេស A ចំនួន ៧នាក់ ស្រី ៣នាក់ ។ ឆ្នាំ២០១៧ មាននិទ្ទេស A មានចំនួន ៩នាក់ ស្រី ១នាក់។ ដោយឡែកនៅឆ្នាំ ២០១៨ និទ្ទេសA ចំនួន ៣នាក់ ស្រី ២នាក់ ប្រុស ១នាក់ និងនិទ្ទេសB ៣៧នាក់ ។លោកប្រធានមន្ទីរបានបន្តទៀតថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនៅខេត្តព្រះសីហនុ មានភាពល្អប្រសើរ ជាពិសេស បីឆ្នាំចុងក្រោយលទ្ធផលនៃការ ប្រឡងជាប់មានភាគរយខ្ពស់ជាងទូទាំងប្រទេសដែលនឹងមានកំណើនកើនជារៀងរាល់ឆ្នាំ ។ សូមបញ្ជាក់ថា សម្រាប់សិស្សដែលប្រឡងជាប់បាននិទ្ទេសAចំនួន ៣នាក់ ក្នុងម្នាក់ៗ ទទួលបានម៉ូតូ១គ្រឿង ដោយឡែកសិស្សនិទ្ទេស B ចំនួន ៣៧នាក់ ទទួលបានថវិកាលើក ទឹកចិត្តក្នុងម្នាក់ ៤០ម៉ឺនរៀល ផងដែរ៕

ដោយ ងូ សុមុនី